យ៉ូហាន 4:16-26

យ៉ូហាន 4:16-26 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ចូរ​ទៅ​ហៅ​ប្តី​នាង​មក​ទី​នេះ»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្តី​ទេ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ដែល​នាង​ថា "នាង​ខ្ញុំ​គ្មាន​ប្តី​ទេ" នោះ​ត្រូវ​ហើយ ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!» ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់ នាង​ខ្ញុំ​យល់​ថា លោក​ពិត​ជា​ហោរា​ហើយ។ បុព្វ‌បុរស​របស់​យើង​ថ្វាយ​បង្គំ​នៅ​លើ​ភ្នំ​នេះ តែ​ពួក​លោក​ថា កន្លែង​ដែល​មនុស្ស​ត្រូវ​ថ្វាយ​បង្គំ គឺ​នៅ​ក្រុង​យេរូ‌សាឡិម»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។ អ្នក​រាល់​គ្នា​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​ថ្វាយ​បង្គំ​អ្វី​ទេ តែ​យើង​ស្គាល់​ព្រះ​ដែល​យើង​ថ្វាយ​បង្គំ ដ្បិត​ការ​សង្គ្រោះ​កើត​មក​ពី​សាសន៍​យូដា។ ប៉ុន្តែ ពេល​វេលា​នោះ នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ អ្នក​ថ្វាយ​បង្គំ​ពិត​ប្រាកដ នឹង​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត ព្រោះ​ព្រះ‌វរបិតា​ស្វែង​រក​អ្នក​ថ្វាយ​បង្គំ​ព្រះ‌អង្គ​យ៉ាង​នោះ​ឯង។ ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។ ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ថា ព្រះ‌មែស្ស៊ី (ដែល​ហៅ​ថា​ព្រះ‌គ្រីស្ទ)​នឹង​យាង​មក ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ប្រាប់​ឲ្យ​យើង​ដឹង​គ្រប់​ទាំង​អស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ ជា​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​នាង»។

អាន យ៉ូហាន 4