យ៉ូហាន 3:1-12

យ៉ូហាន 3:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​បុរស​ម្នាក់​ក្នុង​ពួក​ផារិ‌ស៊ី​ឈ្មោះ​នីកូ‌ដេម លោក​ជា​អ្នក​ដឹក​នាំ​សាសន៍​យូដា។ លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅគាត់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី គ្មាន​អ្នក​ណា​អាច​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រាកដ​មែន ខ្ញុំ​សូម​ជម្រាប​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ។ អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់ ហើយ​អ្វី​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ កុំ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ជម្រាប​លោក​ថា "អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី" នោះ​ឡើយ។ ខ្យល់ ចង់​បក់​ទៅ​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ​របស់​វា តែ​មិន​ដឹង​ថា​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ ក៏​ដូច្នោះ​ដែរ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​ដូច​ម្តេច​បាន?» ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ជា​គ្រូ​របស់​សាសន៍​អ៊ីស្រា‌អែល តែ​មិន​យល់​ការ​ទាំង​នេះ​ទេ​ឬ? ប្រាកដ​មែន ខ្ញុំ​សូមជម្រាប​លោក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​បន្ទាល់​របស់​យើង​ទេ។ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​អ្វីៗ​ខាង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​អ្វីៗ​ខាង​ស្ថាន‌សួគ៌​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ទៅ​បាន?

ចែក​រំលែក
អាន យ៉ូហាន 3

យ៉ូហាន 3:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់​ឈ្មោះ នីកូ‌ដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី*។ លោក​បាន​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​គ្រូ​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សម្គាល់​ដូច​លោក​គ្រូ​ឡើយ វៀរ‌លែង​តែ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មី ទេ គេ​មិន​អាច​ឃើញ​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​ឡើយ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់​ឡើយ។ អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ​វិញ មាន​ព្រះ‌វិញ្ញាណ​ក្នុង​ខ្លួន ។ ពេល​ខ្ញុំ​ជម្រាប​លោក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។ ខ្យល់ ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​ក៏​ដូច្នោះ​ដែរ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ជា​គ្រូ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ម្ដេច​ក៏​លោក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? ខ្ញុំ​សូម​ជម្រាប​លោក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខីភាព​របស់​យើង​ទេ។ ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​ស្ថាន​បរម‌សុខ​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។

ចែក​រំលែក
អាន យ៉ូហាន 3

យ៉ូហាន 3:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្នុង​ពួក​ផារិស៊ី មាន​ចៅហ្វាយ​សាសន៍​យូដា​ម្នាក់ ឈ្មោះ​នីកូដេម លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​នឹង​កើត​ឡើង​បាន ក្នុង​កាល​ដែល​ចាស់​ហើយ តើ​អាច​នឹង​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​ម្តង​ទៀត ហើយ​កើត​ឡើង​វិញ​បាន​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះ‌វិញ្ញាណ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន​ទេ របស់​អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់​ទេ ហើយ​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ​វិញ កុំ​ឲ្យ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ត្រូវ​តែ​កើត​ជា​ថ្មី​នោះ​ឡើយ ឯ​ខ្យល់ ចង់​បក់​ទៅ​ឯ​ណា ក៏​ចេះ​តែ​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ តែ​មិន​ដឹង​ជា​មក​ពី​ណា ឬ​ទៅ​ឯ​ណា​ទេ អស់​អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ នោះ​ក៏​ដូច្នោះ​ដែរ លោក​នីកូដេម​ទូល​សួរ​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ការ​ទាំង​នេះ​កើត​បាន ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា អ្នក​ជា​គ្រូ​នៃ​សាសន៍​អ៊ីស្រាអែល តែ​មិន​ដឹង​ការ​ទាំង​នេះ​ទេ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សេចក្ដី​បន្ទាល់​របស់​យើង​ទេ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ការ​ដែល​ត្រូវ​ខាង​ផែនដី តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ នោះ​ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​ការ ដែល​ត្រូវ​ខាង​ស្ថាន‌សួគ៌​វិញ តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ជឿ​ទៅ​បាន

ចែក​រំលែក
អាន យ៉ូហាន 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ