យ៉ូហាន 3:1-12

យ៉ូហាន 3:1-12 គកស១៦

មាន​បុរស​ម្នាក់​ក្នុង​ពួក​ផារិ‌ស៊ី​ឈ្មោះ​នីកូ‌ដេម លោក​ជា​អ្នក​ដឹក​នាំ​សាសន៍​យូដា។ លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅគាត់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី គ្មាន​អ្នក​ណា​អាច​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រាកដ​មែន ខ្ញុំ​សូម​ជម្រាប​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ។ អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់ ហើយ​អ្វី​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ កុំ​ឆ្ងល់​ពី​ពាក្យ​ដែល​ខ្ញុំ​ជម្រាប​លោក​ថា "អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី" នោះ​ឡើយ។ ខ្យល់ ចង់​បក់​ទៅ​ណា​ក៏​បាន ហើយ​អ្នក​ឮ​សូរ​សព្ទ​របស់​វា តែ​មិន​ដឹង​ថា​មក​ពី​ណា ឬ​ទៅ​ណា​ទេ។ អស់​អ្នក​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ ក៏​ដូច្នោះ​ដែរ»។ លោក​នីកូ‌ដេម​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ការ​ទាំង​នេះ​អាច​កើត​ឡើង​ដូច​ម្តេច​បាន?» ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​លោក​ថា៖ «លោក​ជា​គ្រូ​របស់​សាសន៍​អ៊ីស្រា‌អែល តែ​មិន​យល់​ការ​ទាំង​នេះ​ទេ​ឬ? ប្រាកដ​មែន ខ្ញុំ​សូមជម្រាប​លោក​ជា​ប្រាកដ​ថា យើង​ប្រាប់​ពី​ការ​ដែល​យើង​ដឹង ហើយ​ធ្វើ​បន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​បន្ទាល់​របស់​យើង​ទេ។ បើ​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​អ្វីៗ​ខាង​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចំណង់​បើ​ខ្ញុំ​ប្រាប់​ពី​អ្វីៗ​ខាង​ស្ថាន‌សួគ៌​វិញ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ទៅ​បាន?

អាន យ៉ូហាន 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 3:1-12