យ៉ូហាន 21:15-23

យ៉ូហាន 21:15-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ក្មេង​នៅ​ឡើយ អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​ដើរ​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ពេល​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​នឹង​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទៀត»។ (ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​ពី​បែប​យ៉ាង​ណា​ដែល​គាត់​ត្រូវ​ស្លាប់ ដើម្បី​លើក​តម្កើង​ព្រះ)។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»។ ពេត្រុស​ងាក​ទៅ​ក្រោយ ឃើញ​សិស្ស​ម្នាក់ ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ កំពុង​ដើរ​តាម ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ ក្នុង​កាល​ដែល​បរិ‌ភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​ទៅ​ដែល​នឹងបញ្ជូន​ព្រះ‌អង្គ?» កាល​ពេត្រុស​បាន​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​រស់​នៅ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​អំពល់​អ្វី​ដល់​អ្នក? ចូរ​មក​តាម​ខ្ញុំ!»។ ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទូទៅ ក្នុង​ពួក​បង‌ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ឡើយ គឺ​គ្រាន់​តែ​ថា «ប្រសិន‌បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​រស់​នៅ ទាល់​តែ​ខ្ញុំ​មក តើ​អំពល់​អ្វី​ដល់​អ្នក​ប៉ុណ្ណោះ?»។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:15-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន​ពេត្រុស​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះអង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​ពេត្រុស​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​ពេត្រុស​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះអង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះអង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​ពេត្រុស​ស្លាប់ ដើម្បី​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ លោក​ពេត្រុស​ងាក​មើល​ក្រោយ​ឃើញ​សិស្ស* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សិស្ស​នោះ​ហើយ ដែល​បាន​ឱន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះអង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះអង្គ?”។ កាល​លោក​ពេត្រុស​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក? ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ប្រាប់​លោក​ពេត្រុស​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:15-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង រួច​ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ រួច​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​បន្ទូល​ជា​គំរប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូលបង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង ទ្រង់​មាន​បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​ដំកើង​ព្រះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ ដែល​បញ្ជូន​ទ្រង់ កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។

ចែក​រំលែក
អាន យ៉ូហាន 21

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ