យ៉ូហាន 21:15-23

យ៉ូហាន 21:15-23 គកស១៦

ពេល​គេ​បរិ‌ភោគ​រួច​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន‌-ពេត្រុស​ថា៖ «ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជាង​អ្នក​ទាំង​នេះ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​ចំណី​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» គាត់​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ក្មេង​នៅ​ឡើយ អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​ដើរ​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ពេល​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​នឹង​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ទៀត»។ (ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​ពី​បែប​យ៉ាង​ណា​ដែល​គាត់​ត្រូវ​ស្លាប់ ដើម្បី​លើក​តម្កើង​ព្រះ)។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ​ចុះ!»។ ពេត្រុស​ងាក​ទៅ​ក្រោយ ឃើញ​សិស្ស​ម្នាក់ ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ កំពុង​ដើរ​តាម ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ ក្នុង​កាល​ដែល​បរិ‌ភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​ទៅ​ដែល​នឹងបញ្ជូន​ព្រះ‌អង្គ?» កាល​ពេត្រុស​បាន​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា?» ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​រស់​នៅ រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​អំពល់​អ្វី​ដល់​អ្នក? ចូរ​មក​តាម​ខ្ញុំ!»។ ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទូទៅ ក្នុង​ពួក​បង‌ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ឡើយ គឺ​គ្រាន់​តែ​ថា «ប្រសិន‌បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​រស់​នៅ ទាល់​តែ​ខ្ញុំ​មក តើ​អំពល់​អ្វី​ដល់​អ្នក​ប៉ុណ្ណោះ?»។

អាន យ៉ូហាន 21

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 21:15-23