យ៉ូហាន 21:1-7

យ៉ូហាន 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស គឺ​ព្រះអង្គ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖ លោក​ស៊ីម៉ូន​ពេត្រុស លោក​ថូម៉ាស ហៅ​ឌីឌីម លោក​ណាថា‌ណែល​ពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេ‌ដេ និង​សិស្ស​របស់​ព្រះ‌យេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។ លោក​ស៊ីម៉ូន​ពេត្រុស​និយាយ​ទៅ​កាន់​សិស្ស​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។ ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះអង្គ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ ពេល​នោះ សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ព្រះ‌យេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត នៅ​មាត់​សមុទ្រ​ទីបេ‌រាស ហើយ​ព្រះ‌អង្គ​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​គេ​ឃើញ​បែប​យ៉ាង​នេះ គឺ​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​ទាំងពីរ​របស់​សេបេ‌ដេ និង​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់​ទៀត​ដែល​នៅ​ជា​មួយ​គ្នា។ ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា៖ «ខ្ញុំ​ទៅ​នេសាទ​ត្រី​ហើយ» គេ​ឆ្លើយ​ទៅ​គាត់​ថា៖ «យើង​ទៅ​ជាមួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ចេញ​ទៅ តែ​យប់​នោះ​គេ​ចាប់​ត្រី​មិន​បាន​សោះ។ លុះ​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះ‌យេស៊ូវ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​រាល់​គ្នា​អើយ អ្នក​រាល់​គ្នា​ចាប់​ត្រី​មិន​បាន​ទេ​ឬ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ចុះ អ្នក​នឹង​ចាប់​បាន​ត្រី​ខ្លះ​មិន​ខាន»។ ដូច្នេះ គេ​ក៏​ទម្លាក់​អួន តែ​គេ​មិន​អាច​ទាញ​អួន​មក​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​ស៊ីម៉ូន-ពេត្រុស​ឮ​ថា​ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ពាក់​អាវ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក។

ចែក​រំលែក
អាន យ៉ូហាន 21

យ៉ូហាន 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​សំដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សំដែង​មក​បែប​យ៉ាង​នេះ មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ នឹង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ជា​ព្រះ‌យេស៊ូវ​ទេ ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ចូរ​ទំលាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទំលាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់ នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក

ចែក​រំលែក
អាន យ៉ូហាន 21