យ៉ូហាន 20:24-31

យ៉ូហាន 20:24-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ថូម៉ាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់ពីរ (ដែល​គេ​ហៅ​ថា ឌីឌីម) គាត់​មិន​នៅ​ជា​មួយ ក្នុង​ពេល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ។ ដូច្នេះ ពួក​សិស្ស​ផ្សេង​ទៀត​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់» តែ​គាត់​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ព្រះ‌អង្គ ទាំង​លូក​ម្រាម​ដៃ​ទៅ​ក្នុង​ស្នាម​ដែក​គោល ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ខ្ញុំ​មិន​ជឿ​ទេ»។ ប្រាំបី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ព្រះ‌យេស៊ូវ​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត!» បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ថូម៉ាស​ថា៖ «ចូរ​លូក​ម្រាម​ដៃ​អ្នក ស្ទាប​មើល​ដៃ​ខ្ញុំ​នេះ ហើយ​លូក​ដៃ​មក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ កុំ​មាន​ចិត្ត​រឹងរូស​មិន​ព្រម​ជឿ​ដូច្នេះ ចូរ​ជឿ​ទៅ!»។ ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ដោយ​ឥត​ឃើញ​សោះ!»។ ព្រះ‌យេស៊ូវ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​នៅ​មុខ​ពួក​សិស្ស ដែល​មិន​បាន​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​នេះ តែ​សេចក្ដី​ដែល​បាន​កត់ត្រា​ទុក​នេះ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ពិត​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​មែន ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​បាន​ជីវិត ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:24-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​យាង​មក​នោះ លោក​ថូម៉ាស ហៅ​ឌីឌីម ជា​សិស្ស*​ម្នាក់ ក្នុង​ចំណោម​សិស្ស​ទាំង​ដប់‌ពីរ មិន​បាន​នៅ​ជា​មួយ​ពួក​គេ​ទេ។ សិស្ស​ឯ​ទៀតៗ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អម្ចាស់»។ ប៉ុន្តែ គាត់​និយាយ​ទៅ​ពួក​គេ​វិញ​ថា៖ «បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​បាត​ដៃ មិន​បាន​ដាក់​ម្រាម​ដៃ​ក្នុង​ស្នាម​ដែក​គោល ហើយ​បើ​ខ្ញុំ​មិន​បាន​ដាក់​ដៃ​ត្រង់​ឆ្អឹង​ជំនីរ​របស់​លោក​ទេ ខ្ញុំ​មិន​ជឿ​ជា​ដាច់​ខាត»។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​សា​ជា​ថ្មី លោក​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ។ ពេល​នោះ ទ្វារ​ផ្ទះ​នៅ​ខ្ទាស់​ជាប់ ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖ «មើល​ដៃ​ខ្ញុំ​នេះ ចូរ​ដាក់​ម្រាម​ដៃ​អ្នក​មក ហើយ​ដាក់​ដៃ​អ្នក​ត្រង់​ឆ្អឹង​ជំនីរ​ខ្ញុំ។ ចូរ​ជឿ​ទៅ! កុំ​រឹង‌រូស​មិន​ព្រម​ជឿ​ដូច្នេះ!»។ លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ពិត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ​របស់​ទូលបង្គំ​មែន!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ជឿ​មក​ពី​អ្នក​បាន​ឃើញ​ខ្ញុំ អ្នក​ណា​ជឿ​ដោយ​ឥត​បាន​ឃើញ​សោះ អ្នក​នោះ​មាន​សុភមង្គល*​ហើយ!»។ ព្រះ‌យេស៊ូ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន​ទៀត​ឲ្យ​ពួក​សិស្ស​ឃើញ តែ​គ្មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​នេះ​ទេ។ រីឯ​សេចក្ដី​ដែល​មាន​កត់‌ត្រា​មក​នេះ គឺ​ក្នុង​គោល​បំណង​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ដែល​ជឿ​មាន​ជីវិត ដោយ​រួម​ជា​មួយ​ព្រះអង្គ ។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:24-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ថូម៉ាស ជា​ម្នាក់​ក្នុង​ពួក​១២ ដែល​គេ​ហៅ​ថា ឌីឌីម គាត់​មិន​នៅ​ជា​មួយ ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​យាង​មក​នោះ​ទេ ដូច្នេះ ពួក​សិស្ស​ឯ​ទៀត​ប្រាប់​គាត់​ថា យើង​បាន​ឃើញ​ព្រះ‌អម្ចាស់ តែ​គាត់​ឆ្លើយ​ថា បើ​ខ្ញុំ​មិន​ឃើញ​ស្នាម​ដែក​គោល​នៅ​ព្រះ‌ហស្ត​ទ្រង់ ទាំង​លូក​ម្រាម​ទៅ​ក្នុង​ស្នាម​ដែក​គោល​នោះ ហើយ​លូក​ដៃ​ខ្ញុំ​ទៅ​ក្នុង​ចំហៀង​ទ្រង់ នោះ​ខ្ញុំ​មិន​ព្រម​ជឿ​ទេ ដល់​៨​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​ទ្រង់​នៅ​ក្នុង​ផ្ទះ​ម្តង​ទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជា​មួយ​ដែរ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក ឈរ​កណ្តាល​ពួក​គេ ទាំង​ទ្វារ​នៅ​បិទ ហើយ​មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត រួច​ទ្រង់​មាន​បន្ទូល​ទៅ​ថូម៉ាស​ថា ចូរ​លូក​ម្រាម​ដៃ​អ្នក​មក ស្ទាប​មើល​ដៃ​ខ្ញុំ​ឯ​ណេះ ហើយ​លូក​ដៃ​មក​ក្នុង​ចំហៀង​ខ្ញុំ​ផង កុំ​ឲ្យ​មាន​ចិត្ត​មិន​ជឿ​ឡើយ ត្រូវ​ឲ្យ​ជឿ​ចុះ នោះ​ថូម៉ាស​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​ទូលបង្គំ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ថូម៉ាស​អើយ អ្នក​ជឿ​ដោយ​ព្រោះ​បាន​ឃើញ​ខ្ញុំ​ទេ​តើ មាន​ពរ​ហើយ អ្នក​ណា​ដែល​ជឿ​ឥត​ឃើញ​សោះ។ ព្រះ‌យេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ទៀត នៅ​មុខ​ពួក​សិស្ស​ទ្រង់ ដែល​មិន​បាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ បាន​ចែង​ទុក​តែ​ប៉ុណ្ណេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ពិត ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជីវិត ដោយ‌សារ​ព្រះ‌នាម​ទ្រង់ ដោយ​មាន​សេចក្ដី​ជំនឿ។

ចែក​រំលែក
អាន យ៉ូហាន 20