ថូម៉ាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ (ដែលគេហៅថា ឌីឌីម) គាត់មិននៅជាមួយ ក្នុងពេលដែលព្រះយេស៊ូវយាងមកនោះទេ។ ដូច្នេះ ពួកសិស្សផ្សេងទៀតប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» តែគាត់ឆ្លើយថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តព្រះអង្គ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោល ហើយលូកដៃខ្ញុំទៅត្រង់ឆ្អឹងជំនីរព្រះអង្គ នោះខ្ញុំមិនជឿទេ»។ ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ព្រះយេស៊ូវយាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយទ្រង់មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!» បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅថូម៉ាសថា៖ «ចូរលូកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំនេះ ហើយលូកដៃមកត្រង់ឆ្អឹងជំនីរខ្ញុំ កុំមានចិត្តរឹងរូសមិនព្រមជឿដូច្នេះ ចូរជឿទៅ!»។ ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់របស់ទូលបង្គំ ទ្រង់ពិតជាព្រះរបស់ទូលបង្គំមែន!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។ ព្រះយេស៊ូវបានធ្វើទីសម្គាល់ជាច្រើនទៀតនៅមុខពួកសិស្ស ដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះ តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
អាន យ៉ូហាន 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 20:24-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ