យ៉ូហាន 2:13-17
យ៉ូហាន 2:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុណ្យចម្លង*របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ» ។
យ៉ូហាន 2:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បុណ្យរំលងរបស់សាសន៍យូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅក្រុងយេរូសាឡិម។ ពេលព្រះអង្គឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!» សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។
យ៉ូហាន 2:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯបុណ្យរំលងរបស់សាសន៍យូដាក៏ជិតដល់ នោះព្រះយេស៊ូវទ្រង់យាងឡើងទៅឯក្រុងយេរូសាឡិម កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប នឹងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ»