យ៉ូហាន 19:38-42

យ៉ូហាន 19:38-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សិស្ស*​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។ រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។ លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។ នៅ​កន្លែង​គេ​ឆ្កាង​ព្រះ‌យេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។ គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:38-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក យ៉ូសែប អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដែរ តែ​មិន​បង្ហាញ​មុខ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សុំ​ច្បាប់​លោក​ពីឡាត់ យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក។ លោក​ពីឡាត់​ក៏​អនុញ្ញាត​ឲ្យ ដូច្នេះ លោក​ក៏​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ។ លោក​នីកូ‌ដេម ដែល​ពី​មុន​បាន​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា ប្រហែល​ជា​ហាសិប​គីឡូក្រាម។ អ្នក​ទាំង​ពីរ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក​រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំនៀម​ទម្លាប់​បញ្ចុះ​សព​របស់​សាសន៍​យូដា។ មាន​សួនច្បារ​មួយ​នៅ​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌អង្គ ហើយ​ក្នុង​សួនច្បារ​នោះ មាន​ផ្នូរ​មួយ​ថ្មី ដែល​មិន​ទាន់​ដាក់​សព​ណា​នៅ​ឡើយ។ ដូច្នេះ គេ​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ដោយ​ផ្នូរ​ក៏​នៅ​ជិត​ស្រាប់ ហើយ​ជា​ថ្ងៃ​រៀប​ចំ​បុណ្យ​របស់​សាសន៍​យូដា​ផង។

ចែក​រំលែក
អាន យ៉ូហាន 19

យ៉ូហាន 19:38-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះ‌យេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​មក​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​ទៅ ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក លោក​ទាំង​២​នោះ​ក៏​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ​មក រុំ​នឹង​សំពត់​ទេស‌ឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះ‌សព​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។

ចែក​រំលែក
អាន យ៉ូហាន 19