យ៉ូហាន 18:32-37
យ៉ូហាន 18:32-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។ លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬមានអ្នកផ្សេងទៀតជម្រាបលោក?»។ លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និងពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបម្រើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។ លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។
យ៉ូហាន 18:32-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
(គេនិយាយដូច្នេះ ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល ពីរបៀបដែលព្រះអង្គត្រូវសុគត) ។ ដូច្នេះ លោកពីឡាត់ក៏ចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូវមកសួរថា៖ «តើអ្នកជាសេ្តចសាសន៍យូដាមែនឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «តើលោកមានប្រសាសន៍ដូច្នេះ ដោយខ្លួនលោក ឬមានអ្នកណាជម្រាបលោកអំពីខ្ញុំ?»។ លោកពីឡាត់ឆ្លើយថា៖ «តើខ្ញុំជាសាសន៍យូដាឬ? គឺសាសន៍របស់អ្នកឯង និងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ។ តើអ្នកបានធ្វើអ្វីខ្លះ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅផែនដីនេះមែន ពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ»។ លោកពីឡាត់សួរព្រះអង្គថា៖ «ដូច្នេះ អ្នកជាស្តេចមែនឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំកើតមក ហើយចូលមកក្នុងលោកនេះសម្រាប់ការនេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត។ អស់អ្នកណាដែលកើតពីសេចក្តីពិត អ្នកនោះស្តាប់សំឡេងខ្ញុំ»។
យ៉ូហាន 18:32-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនិយាយដូច្នោះ ដើម្បីឲ្យបានសំរេចពាក្យ ដែលព្រះយេស៊ូវមានបន្ទូល នឹងបង្ហាញពីទ្រង់ត្រូវសុគតបែបយ៉ាងណា នោះលោកពីឡាត់ក៏ចូលទៅក្នុងសាលាជំនុំវិញ រួចហៅព្រះយេស៊ូវមកដណ្តឹងសួរថា តើអ្នកជាស្ដេចសាសន៍យូដាឬអី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា តើលោកមានប្រសាសន៍ដូច្នេះដោយខ្លួនលោក ឬមានអ្នកណាជំរាបលោកពីខ្ញុំ លោកពីឡាត់ឆ្លើយថា តើខ្ញុំជាសាសន៍យូដាឬអី គឺសាសន៍របស់អ្នកឯង នឹងពួកសង្គ្រាជទេតើ ដែលបញ្ជូនអ្នកមកខ្ញុំ ចុះអ្នកបានធ្វើអ្វី ព្រះយេស៊ូវមានបន្ទូលថា នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនមែនត្រូវខាងស្ថាននេះទេ លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្តេចមែនឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ