យ៉ូហាន 18:32-37

យ៉ូហាន 18:32-37 គខប

គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។ លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។ លោក​ពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន‌ជាតិ​យូដា​ទេ! គឺ​ជន‌ជាតិ​របស់​អ្នក និង​ពួក​នាយក​បូជា‌ចារ្យ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។ លោក​ពីឡាត​ទូល​សួរ​ព្រះអង្គ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។