យ៉ូហាន 18:1-11
យ៉ូហាន 18:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គក៏ឆ្លងជ្រោះកេដ្រុនជាមួយពួកសិស្ស ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួនច្បារមួយ។ រីឯយូដាស ដែលជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូវ និងពួកសិស្សតែងជួបគ្នានៅទីនោះ។ ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។ ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។ គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាស ក៏ឈរនៅជាមួយពួកគេដែរ។ ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលសួរគេម្តងទៀតថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?» គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ។ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះចេញទៅចុះ»។ នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។ ស៊ីម៉ូន-ពេត្រុស មានដាវមួយ ហើយគាត់ក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវបម្រើសម្តេចសង្ឃម្នាក់ ឈ្មោះម៉ាលកុស។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬ?»
យ៉ូហាន 18:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។ ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។ ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ” »។ លោកស៊ីម៉ូនពេត្រុសមានដាវមួយ គាត់ហូតកាប់អ្នកបម្រើម្នាក់របស់លោកមហាបូជាចារ្យ ដាច់ស្លឹកត្រចៀកស្ដាំ អ្នកបម្រើនោះឈ្មោះម៉ាលកុស។ ព្រះយេស៊ូមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់ឲ្យខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។
យ៉ូហាន 18:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវមានបន្ទូលសេចក្ដីទាំងនោះរួចហើយ នោះទ្រង់យាងទៅខាងនាយជ្រោះកេដ្រុន បាននាំទាំងពួកសិស្សទៅផង ហើយទ្រង់ នឹងពួកសិស្សក៏ចូលទៅក្នុងច្បារ១ដែលនៅទីនោះ ឯយូដាស ដែលជាអ្នកបញ្ជូនទ្រង់ ក៏ស្គាល់កន្លែងនោះដែរ ពីព្រោះព្រះយេស៊ូវនឹងពួកសិស្ស តែងប្រជុំនៅទីនោះជាញឹកញយ ដូច្នេះ កាលយូដាសបានទទួលពួកទាហាន នឹងពួកអាជ្ញាខ្លះ ពីពួកសង្គ្រាជ នឹងពួកផារិស៊ីហើយ នោះក៏នាំគ្នាទៅឯទីនោះ មានទាំងកាន់គោម ចន្លុះ នឹងគ្រឿងសស្ត្រាវុធផង ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា ដូច្នេះ ទ្រង់មានបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង រីឯស៊ីម៉ូន-ពេត្រុស គាត់មានដាវ ហើយក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវសំដេចសង្ឃម្នាក់ បាវនោះឈ្មោះម៉ាលកុស នោះព្រះយេស៊ូវមានបន្ទូលទៅពេត្រុសថា ចូរស៊កដាវទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬអី។