កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គក៏ឆ្លងជ្រោះកេដ្រុនជាមួយពួកសិស្ស ហើយព្រះអង្គ និងពួកសិស្សក៏ចូលទៅក្នុងសួនច្បារមួយ។ រីឯយូដាស ដែលជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះព្រះយេស៊ូវ និងពួកសិស្សតែងជួបគ្នានៅទីនោះ។ ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។ ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។ គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាស ក៏ឈរនៅជាមួយពួកគេដែរ។ ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលសួរគេម្តងទៀតថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?» គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ។ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះចេញទៅចុះ»។ នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។ ស៊ីម៉ូន-ពេត្រុស មានដាវមួយ ហើយគាត់ក៏ហូតមក កាប់ដាច់ត្រចៀកស្តាំរបស់បាវបម្រើសម្តេចសង្ឃម្នាក់ ឈ្មោះម៉ាលកុស។ ព្រះយេស៊ូវមានព្រះបន្ទូលទៅពេត្រុសថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញទៅ តើមិនត្រូវឲ្យខ្ញុំទទួលពែង ដែលព្រះវរបិតាបានប្រទានមកខ្ញុំទេឬ?»
អាន យ៉ូហាន 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 18:1-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ