យ៉ូហាន 16:5-33

យ៉ូហាន 16:5-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា "លោក​អញ្ជើញ​ទៅ​ណា​ឡើយ?"។ ប៉ុន្ដែ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​មាន​ចិត្ត​ព្រួយ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះ‌អង្គ​ឲ្យ​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​សម្តែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ អំពី​បាប អំពី​សេចក្តី​សុចរិត និង​អំពី​ការ​ជំនុំ‌ជម្រះ។ អំពី​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ អំពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ អំពី​ការ​ជំនុំ‌ជម្រះ ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទទួល​ទោស​ហើយ។ ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​បាន​ទេ។ ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។ ព្រះ‌អង្គ​នឹង​តម្កើង​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​អស់​ដែល​ព្រះ‌វរបិតា​មាន ជា​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ «មិន​យូរ​ប៉ុន្មាន​ទេ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ»។ ដូច្នេះ មាន​ពួក​សិស្ស​ព្រះ‌អង្គ​ខ្លះ​និយាយ​គ្នា​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ហើយ​ដែល​ថា "ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា" នេះ តើ​មាន​ន័យ​ដូច​ម្តេច?» ពួក​គេ​និយាយ​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "នៅ​បន្តិច​ទៀត​នេះ" យើង​មិន​ដឹង​ថា​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី​ទេ!»។ ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​ចង់​សួរ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ឬ? ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។ ពេល​ស្ត្រី​ហៀប​នឹង​សម្រាល​កូន នាង​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​ពេល​ហើយ តែ​កាល​ណា​សម្រាល​រួច​មក នាង​ក៏​ភ្លេច​ពី​ការ​ឈឺ​ចាប់​អស់​រលីង ហើយ​បែរ​ជា​មាន​អំណរ ដោយ​សារ​មាន​កូន​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​គ្មាន​អ្នក​ណា​ដក​យក​អំណរ​ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត​ទេ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ព្រះ‌វរបិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។ មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​ទូល​សូម​អ្វី​ក្នុង​នាមខ្ញុំ​ទេ។ ចូរ​ទូល​សូម​ចុះ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ដើម្បី​ឲ្យ​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ»។ «ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​ជា​រឿង​ប្រៀប​ធៀប តែ​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ គឺ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ព្រះ‌វរបិតា​យ៉ាង​ច្បាស់​លាស់​វិញ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ក្នុង​នាម​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​សូម​ព្រះ‌វរបិតា​ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា ខ្ញុំ​មក​ពី​ព្រះ។ ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌វរបិតា​មក ហើយ​បាន​មក​ក្នុង​ពិភព​លោក​នេះ ក៏​នឹង​ចេញ​ពី​ពិភព​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ព្រះ‌អង្គ​ទេ ដោយ​ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ​មែន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជឿ​ឬ​ទេ? មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ចែក​រំលែក
អាន យ៉ូហាន 16

យ៉ូហាន 16:5-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។ ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការ‌ពារ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។ គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ អំពី​សេចក្ដី​សុចរិត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។ ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​ទេ។ កាល​ណា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​ព្រះអង្គ​ថ្លែង មិន​ចេញ​មក​ពី​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ឮ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។ ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​ខ្ញុំ ព្រោះ​ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​ព្រះ‌បិតា​មាន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ​យក​មក​ប្រាប់​អ្នក​រាល់​គ្នា»។ «បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ​ហើយ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។ សិស្ស*​ខ្លះ​សួរ​គ្នា​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ” ហើយ​ថា “ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ‌បិតា” តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី?»។ គេ​សួរ​គ្នា​ទៀត​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត”​នោះ តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី យើង​មិន​យល់​សោះ!»។ ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​ចង់​សួរ​ព្រះអង្គ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​ឡើយ។ នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។ មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទូល​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​ទូល​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។ «ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះ‌បិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។ នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​ទូល​សូម​អ្វីៗ​ពី​ព្រះ‌បិតា ក្នុង​នាម​ខ្ញុំ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​អង្វរ​ព្រះអង្គ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ដ្បិត​ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក។ ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ»។ ពួក​សិស្ស*​ទូល​ព្រះអង្គ​ថា៖ «ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ​ហើយ ព្រះអង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ឈ្វេង​យល់​គ្រប់​សេចក្ដី​ទាំង​អស់ មិន​បាច់​មាន​នរណា​ទូល​សួរ​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះអង្គ​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់​មែន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ជឿ​មែន​ឬ! ប៉ុន្តែ ពេល​កំណត់​មក​ដល់ គឺ​ពេល​នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​ទៅ​តាម​ផ្លូវ​រៀងៗ​ខ្លួន បោះ​បង់​ចោល​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង។ តាម​ពិត ខ្ញុំ​មិន​នៅ​ម្នាក់​ឯង​ទេ មាន​ព្រះ‌បិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។ ខ្ញុំ​និយាយ​ប្រាប់​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​រួម​ជា​មួយ​ខ្ញុំ។ អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​វេទនា​នៅ​ក្នុង​លោក ប៉ុន្តែ ចូរ​មាន​សង្ឃឹម​ឡើង! ខ្ញុំ​បាន​ឈ្នះ​លោក​នេះ​ហើយ»។

ចែក​រំលែក
អាន យ៉ូហាន 16

យ៉ូហាន 16:5-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជំរះ គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ នឹង​ពី​សេចក្ដី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ​នេះ​ត្រូវ​ទោស​ហើយ។ ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា គ្រប់​ទាំង​អស់​ដែល​ព្រះវរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សំរាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សំរាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ នៅ​ថ្ងៃ​នោះ​អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះវរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរ‌បិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ ដ្បិត​ព្រះវរ‌បិតា ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក ខ្ញុំ​បាន​ចេញ​ពី​ព្រះវរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ ក៏​នឹង​ចេញ​ពី​លោកីយ ទៅ​ឯ​ព្រះវរ‌បិតា​វិញ​ទៀត។ ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះវរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សុខ‌សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 16