យ៉ូហាន 16

16
1«ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត។ 2គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​សាលាប្រជុំ។ មែន ពេល​វេលា​នោះ​មក​ដល់​ហើយ ដែល​អ្នក​ណា​សម្លាប់​អ្នក​រាល់​គ្នា គេ​នឹក​ស្មាន​ថា​ខ្លួន​គោរព​បម្រើ​ដល់​ព្រះ។ 3គេ​ប្រព្រឹត្ត​ការ​ទាំង​នេះ ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌វរបិតា ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។ 4ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​មក​ដល់ ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ។ ខ្ញុំ​មិន​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ពី​ដំបូង​ទេ ព្រោះ​ខ្ញុំ​បាន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ»។
កិច្ច‌ការ​របស់​ព្រះ‌វិញ្ញាណ
5«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា "លោក​អញ្ជើញ​ទៅ​ណា​ឡើយ?"។ 6ប៉ុន្ដែ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​មាន​ចិត្ត​ព្រួយ។ 7ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះ‌អង្គ​ឲ្យ​មក។ 8កាល​ណា​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​សម្តែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ អំពី​បាប អំពី​សេចក្តី​សុចរិត និង​អំពី​ការ​ជំនុំ‌ជម្រះ។ 9អំពី​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ 10អំពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ 11អំពី​ការ​ជំនុំ‌ជម្រះ ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទទួល​ទោស​ហើយ។
12ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​បាន​ទេ។ 13ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។ 14ព្រះ‌អង្គ​នឹង​តម្កើង​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។ 15គ្រប់​ទាំង​អស់​ដែល​ព្រះ‌វរបិតា​មាន ជា​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា»។
ទុក្ខ​ព្រួយ​នឹង​ប្រែ​ទៅ​ជា​អំណរ
16«មិន​យូរ​ប៉ុន្មាន​ទេ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ»។ 17ដូច្នេះ មាន​ពួក​សិស្ស​ព្រះ‌អង្គ​ខ្លះ​និយាយ​គ្នា​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ហើយ​ដែល​ថា "ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា" នេះ តើ​មាន​ន័យ​ដូច​ម្តេច?» 18ពួក​គេ​និយាយ​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "នៅ​បន្តិច​ទៀត​នេះ" យើង​មិន​ដឹង​ថា​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី​ទេ!»។ 19ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​ចង់​សួរ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ឬ? 20ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត តែ​ការ​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ។ 21ពេល​ស្ត្រី​ហៀប​នឹង​សម្រាល​កូន នាង​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​ពេល​ហើយ តែ​កាល​ណា​សម្រាល​រួច​មក នាង​ក៏​ភ្លេច​ពី​ការ​ឈឺ​ចាប់​អស់​រលីង ហើយ​បែរ​ជា​មាន​អំណរ ដោយ​សារ​មាន​កូន​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។ 22ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​គ្មាន​អ្នក​ណា​ដក​យក​អំណរ​ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ។ 23នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត​ទេ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​សូម​ព្រះ‌វរបិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។ 24មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​មិន​បាន​ទូល​សូម​អ្វី​ក្នុង​នាមខ្ញុំ​ទេ។ ចូរ​ទូល​សូម​ចុះ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ដើម្បី​ឲ្យ​អំណររបស់​អ្នក​រាល់​គ្នា​បាន​ពោរពេញ»។
សេចក្តី​សុខ​សម្រាប់​ពួក​សិស្ស
25«ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​ជា​រឿង​ប្រៀប​ធៀប តែ​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​ខ្ញុំ​នឹង​មិន​និយាយ​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ គឺ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា ពី​ព្រះ‌វរបិតា​យ៉ាង​ច្បាស់​លាស់​វិញ។ 26នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ក្នុង​នាម​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​សូម​ព្រះ‌វរបិតា​ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ 27ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា ខ្ញុំ​មក​ពី​ព្រះ។ 28ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌វរបិតា​មក ហើយ​បាន​មក​ក្នុង​ពិភព​លោក​នេះ ក៏​នឹង​ចេញ​ពី​ពិភព​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ»។
29ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​រឿង​ប្រៀប​ធៀប​ទៀត​ទេ 30ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ព្រះ‌អង្គ​ទេ ដោយ​ហេតុ​នេះ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ​មែន»។ 31ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជឿ​ឬ​ទេ? 32មើល៍! ពេល​វេលា​នោះ​មក​ដល់​ហើយ គឺ​ពិត​ជា​មក​ដល់​មែន ដែល​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​រៀងៗ​ខ្លួន ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ គឺ​មាន​ព្រះ‌វរបិតា​គង់​នៅ​ជា​មួយ​ខ្ញុំ។ 33ខ្ញុំ​ប្រាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​ខ្ញុំ។ នៅ​ក្នុង​លោកីយ៍​នេះ អ្នក​រាល់​គ្នា​នឹង​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​នេះ​ហើយ»។

ទើបបានជ្រើសរើសហើយ៖

យ៉ូហាន 16: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល