យ៉ូហាន 16:5-15

យ៉ូហាន 16:5-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា "លោក​អញ្ជើញ​ទៅ​ណា​ឡើយ?"។ ប៉ុន្ដែ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ក៏​មាន​ចិត្ត​ព្រួយ។ ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះ‌អង្គ​ឲ្យ​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​សម្តែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ អំពី​បាប អំពី​សេចក្តី​សុចរិត និង​អំពី​ការ​ជំនុំ‌ជម្រះ។ អំពី​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ អំពី​សេចក្តី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ អំពី​ការ​ជំនុំ‌ជម្រះ ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទទួល​ទោស​ហើយ។ ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​បាន​ទេ។ ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។ ព្រះ‌អង្គ​នឹង​តម្កើង​ខ្ញុំ ព្រោះ​ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​អស់​ដែល​ព្រះ‌វរបិតា​មាន ជា​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​នឹង​យក​អ្វី​ដែល​ជា​របស់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន យ៉ូហាន 16

យ៉ូហាន 16:5-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​សួរ​ខ្ញុំ​ថា“តើ​លោក​អញ្ជើញ​ទៅ​ណា”​ឡើយ។ ពេល​ឮ​ខ្ញុំ​និយាយ​ដូច្នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​តាម​ត្រង់​ថា បើ​ខ្ញុំ​ទៅ ទើប​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា។ បើ​ខ្ញុំ​មិន​ទៅ​ទេ ព្រះ​ដ៏​ជួយ​ការ‌ពារ ​មិន​យាង​មក​រក​អ្នក​រាល់​គ្នា​ឡើយ។ ផ្ទុយ​ទៅ​វិញ បើ​ខ្ញុំ​ទៅ ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ កាល​ណា​ព្រះអង្គ​យាង​មក​ដល់ ព្រះអង្គ​នឹង​បញ្ជាក់​ឲ្យ​មនុស្ស​លោក​ដឹង​ថា គេ​យល់​ខុស​អំពី​បាប* អំពី​សេចក្ដី​សុចរិត* និង​អំពី​ការ​កាត់​ទោស។ គេ​យល់​ខុស​អំពី​បាប ព្រោះ​គេ​មិន​ជឿ​លើ​ខ្ញុំ អំពី​សេចក្ដី​សុចរិត ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា ហើយ​អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ អំពី​ការ​កាត់​ទោស ព្រោះ​ចៅហ្វាយ​របស់​មនុស្ស​លោក​នេះ​បាន​ទទួល​ទោស​រួច​ហើយ។ ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​ទេ។ កាល​ណា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ចំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​ព្រះអង្គ​ថ្លែង មិន​ចេញ​មក​ពី​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ឮ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។ ព្រះអង្គ​នឹង​សម្តែង​សិរី‌រុងរឿង​របស់​ខ្ញុំ ព្រោះ​ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ យក​មក​ប្រាប់​អ្នក​រាល់​គ្នា។ អ្វីៗ​ដែល​ព្រះ‌បិតា​មាន​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ជា​របស់​ខ្ញុំ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា ព្រះអង្គ​ទទួល​សេចក្ដី​ទាំង​អស់​ពី​ខ្ញុំ​យក​មក​ប្រាប់​អ្នក​រាល់​គ្នា»។

ចែក​រំលែក
អាន យ៉ូហាន 16

យ៉ូហាន 16:5-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា នោះ​ទេ ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ​ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សំដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជំរះ គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ នឹង​ពី​សេចក្ដី​ជំនុំ‌ជំរះ ដោយ​ព្រោះ​ចៅហ្វាយ​របស់​លោកីយ​នេះ​ត្រូវ​ទោស​ហើយ។ ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​នឹង​សំដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក ទ្រង់​នឹង​ដំកើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា គ្រប់​ទាំង​អស់​ដែល​ព្រះវរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​ដំរូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។

ចែក​រំលែក
អាន យ៉ូហាន 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ