យ៉ូហាន 16:1-15
យ៉ូហាន 16:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្ត។ គេនឹងកាត់អ្នករាល់គ្នាចេញពីសាលាប្រជុំ។ មែន ពេលវេលានោះមកដល់ហើយ ដែលអ្នកណាសម្លាប់អ្នករាល់គ្នា គេនឹកស្មានថាខ្លួនគោរពបម្រើដល់ព្រះ។ គេប្រព្រឹត្តការទាំងនេះ ព្រោះគេមិនស្គាល់ព្រះវរបិតា ក៏មិនស្គាល់ខ្ញុំដែរ។ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា "លោកអញ្ជើញទៅណាឡើយ?"។ ប៉ុន្ដែ ដោយសារខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏មានចិត្តព្រួយ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដ្បិតបើខ្ញុំមិនទៅទេ ព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមក។ កាលណាព្រះអង្គយាងមក ព្រះអង្គនឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ អំពីបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ អំពីបាបដោយព្រោះគេមិនជឿដល់ខ្ញុំ អំពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ អំពីការជំនុំជម្រះ ព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទទួលទោសហើយ។ ខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។ ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។ ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។ គ្រប់ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នា»។
យ៉ូហាន 16:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តងាកចេញពីជំនឿ។ គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ* ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។ គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។ ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។ «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើលោកអញ្ជើញទៅណា”ឡើយ។ ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។ ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារ មិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះទេ។ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
យ៉ូហាន 16:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តឡើយ គេនឹងកាត់អ្នករាល់គ្នាចេញពីពួកជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ តែខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលានោះមកដល់ នោះឲ្យអ្នករាល់គ្នាបាននឹកឃើញថា ខ្ញុំប្រាប់ហើយ ខ្ញុំមិនបានប្រាប់កាលពីដើមទេ ពីព្រោះខ្ញុំកំពុងនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ តែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលចាត់ឲ្យខ្ញុំមក ហើយក្នុងពួកអ្នករាល់គ្នា គ្មានអ្នកណាសួរខ្ញុំថា លោកអញ្ជើញទៅឯណា នោះទេ ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្ដីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្ដីទាំងនេះ ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។