យ៉ូហាន 13:21-30

យ៉ូហាន 13:21-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។ លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​ព្រះ‌យេស៊ូ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​នោះ​ក៏​ឱន​ទៅ​ជិត​ព្រះ‌ឱរា​ព្រះ‌យេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​មួយ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំប៉័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំប៉័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​របស់​លោក​ស៊ីម៉ូន។ ពេល​យូដាស​ទទួល​ដុំ​នំប៉័ង​នោះ មារ​សា‌តាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»។ ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ។ ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះ‌យេស៊ូ​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។ យូដាស​ទទួល​យក​ដុំ​នំប៉័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:21-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​តប់​ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ណា។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ ស៊ីម៉ូន-ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​សួរ​ព្រះ‌យេស៊ូវ ថា​តើ​ព្រះ‌អង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្នក​ណា។ អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទម្រេត​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ជា​អ្នក​ណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​ជ្រលក់​នំបុ័ង​មួយ​ចំណិត ហុច​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន។ ក្រោយ​គាត់​ទទួល​ចំណិត​នោះ​ហើយ អារក្ស​សាតាំង​ក៏​ចូល​គាត់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!» ប៉ុន្តែ ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ។ ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​គាត់​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​គាត់​ទៅ​ចែក​ទាន​អ្វី​ដល់​អ្នក​ក្រីក្រ។ ដូច្នេះ ក្រោយ​ពី​បាន​ទទួល​ចំណិត​នំប៉័ង​ហើយ គាត់​ក៏​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:21-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​តប់‌ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ដូច្នេះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​អ្នក​ណា​ទេ មាន​សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ក៏​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះ‌យេស៊ូវ អំពី​អ្នក​ណា​ដែល​ទ្រង់​មាន​បន្ទូល​នោះ អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទំរេត​លើ​ព្រះ‌ឧរា​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ រួច​ទ្រង់​ជ្រលក់​នំបុ័ង​១​ចំណិត ប្រទាន​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​និមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ​យប់​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13