យ៉ូហាន 13:1-7

យ៉ូហាន 13:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​មុន​ពិធី​បុណ្យ​រំលង ព្រះ‌យេស៊ូវ​ជ្រាប​ថា ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ បាន​មក​ដល់​ហើយ ហើយ​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​សិស្ស​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ ហើយ​កាល​អារក្ស​បាន​នាំ​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ ព្រះ‌យេស៊ូវ​ជ្រាប​ថា ព្រះ‌វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ហើយ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។ បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។ ពេល​ព្រះ‌អង្គ​មក​ដល់ ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ​ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះអង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ ពេល​នោះ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សា‌តាំង*​បាន​ធ្វើ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។ ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​មុន​បុណ្យ​រំលង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ ទៅ​ឯ​ព្រះវរ‌បិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ នោះ​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​ថា ព្រះវរ‌បិតា​បាន​ប្រគល់​ការ​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ‌ពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ

ចែក​រំលែក
អាន យ៉ូហាន 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ