យ៉ូហាន 13:1-10
យ៉ូហាន 13:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។
យ៉ូហាន 13:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងចានក្លាំ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ហើយយកក្រមាដែលព្រះអង្គក្រវាត់ចង្កេះមកជូត។ ពេលព្រះអង្គមកដល់ ស៊ីម៉ូន-ពេត្រុស គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គលាងជើងឲ្យទូលបង្គំឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក អ្នកគ្មានចំណែកជាមួយខ្ញុំទេ»។ ស៊ីម៉ូន-ពេត្រុសទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ សូមលាងដល់ទាំងដៃទាំងក្បាលផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។
យ៉ូហាន 13:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះ ទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកណាដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ