យ៉ូហាន 11:17-35

យ៉ូហាន 11:17-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ជ្រាប​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ហើយ។ ភូមិ​បេ‌ថានី​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​បី​គីឡូ‌ម៉ែត្រ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។ ពេល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នាង​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ រីឯ​ម៉ារា​វិញ​អង្គុយ​នៅ​ក្នុង​ផ្ទះ។ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ សូម្បី​តែ​ពេល​នេះ ខ្ញុំ​ម្ចាស់​ដឹង​ថា អ្វី​ដែល​ព្រះ‌អង្គ​សូម​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​ជា​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ ម៉ាថា​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ម្ចាស់​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?» នាង​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន»។ ពេល​នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ នាង​ក៏​ទៅ​ហៅ​ម៉ារា​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​ឯង»។ កាល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ នាង​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​រក​ព្រះ‌អង្គ។ ពេល​នេះ ព្រះ‌យេស៊ូវ​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយទេ គឺ​ព្រះ‌អង្គ​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប។ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។ ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ហើយ​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នាង​យំ​ដែរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល និង​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​បញ្ចុះ​សព​គាត់​នៅ​ឯ​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់ សូម​យាង​ទៅ​មើល​ចុះ»។ ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:17-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ ព្រះអង្គ​ក៏​ជ្រាប​ថា គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​ហើយ។ ភូមិ​បេតថា‌នី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។ កាល​នាង​ម៉ាថា​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​យាង​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។ នាង​ម៉ាថា​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។ ប៉ុន្តែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា បើ​លោក​សុំ​អ្វី​ពី​ព្រះ‌ជាម្ចាស់​ក៏​ដោយ ក៏​ព្រះអង្គ​មុខ​ជា​ប្រទាន​ឲ្យ​មិន​ខាន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ នាង​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត ។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។ រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។ នាង​ម៉ាថា​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។ នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «ព្រះ‌គ្រូ​យាង​មក​ដល់​ហើយ ព្រះអង្គ​ហៅ​ប្អូន​ឯង»។ នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​គាល់​ព្រះ‌យេស៊ូ​ជា​ប្រញាប់។ ពេល​នោះ ព្រះអង្គ​ពុំ​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​ព្រះអង្គ​គង់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។ ជន‌ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។ លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។ ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះ ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «សូម​អញ្ជើញ​មក លោក​នឹង​ឃើញ»។ ពេល​នោះ ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌កន្សែង។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:17-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ហើយ នោះ​បាន​ឮ​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​៤​ថ្ងៃ​ហើយ រីឯ​ភូមិ​បេ‌ថានី នោះ​នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​៣​គីឡូ​ម៉ែត្រ​ទេ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កំសាន្ត​ទុក្ខ​នាង​ម៉ាថា នឹង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់ កាល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នោះ​នាង​ក៏​ទៅ​ទទួល​ទ្រង់ តែ​ម៉ារា​អង្គុយ​នៅ​ឯ​ផ្ទះ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ ប៉ុន្តែ ខ្ញុំ​ម្ចាស់​ដឹង​ថា ទោះ​ទាំង​នៅ​គ្រា​ឥឡូវ​នេះ នោះ​ការ​អ្វី​ដែល​ទ្រង់​នឹង​សូម​ពី​ព្រះ គង់​តែ​ព្រះ​នឹង​ប្រទាន​មក​ទ្រង់​ជា​មិន​ខាន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ប្អូន​នាង​នឹង​រស់​ឡើង​វិញ ម៉ាថា​ទូល​ទ្រង់​ថា ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ នាង​ទូល​ឆ្លើយ​ថា ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ​មែន។ កាល​នាង​បាន​ពោល​ពាក្យ​ដូច្នោះ​ហើយ នោះ​ក៏​ទៅ​ហៅ​ម៉ារា ប្អូន​នាង មក​ដោយ​សំងាត់ ប្រាប់​ថា លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​រក​ឯង កាល​នាង​ម៉ារា​បាន​ឮ​ពាក្យ​នោះ ក៏​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​ឯ​ទ្រង់ ឯ​ព្រះ‌យេស៊ូវ ទ្រង់​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ គឺ​ទ្រង់​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប​នោះ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ កំពុង​តែ​ជួយ​កំសាន្ត​ចិត្ត​នាង​ម៉ារា បាន​ឃើញ​ថា នាង​ក្រោក​ឡើង​ចេញ​ទៅ​ជា​ប្រញាប់​ដូច្នេះ គេ​ក៏​តាម​នាង​ទៅ ដោយ​និយាយ​គ្នា​ថា នាង​គិត​ទៅ​យំ​ឯ​ផ្នូរ​ហើយ។ នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់ សូម​យាង​ទៅ​ទត​មើល ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង

ចែក​រំលែក
អាន យ៉ូហាន 11