យ៉ូហាន 11:17-35

យ៉ូហាន 11:17-35 គកស១៦

ពេល​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ជ្រាប​ថា ឡាសារ​នៅ​ក្នុង​ផ្នូរ​អស់​បួន​ថ្ងៃ​ហើយ។ ភូមិ​បេ‌ថានី​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​បី​គីឡូ‌ម៉ែត្រ ហើយ​មាន​ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​មក ដើម្បី​ជួយ​កម្សាន្ត​ទុក្ខ​នាង​ម៉ាថា និង​ម៉ារា ពី​ដំណើរ​ប្អូន​ស្លាប់។ ពេល​ម៉ាថា​បាន​ឮ​ថា ព្រះ‌យេស៊ូវ​យាង​មក​ហើយ នាង​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ រីឯ​ម៉ារា​វិញ​អង្គុយ​នៅ​ក្នុង​ផ្ទះ។ ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។ ប៉ុន្តែ សូម្បី​តែ​ពេល​នេះ ខ្ញុំ​ម្ចាស់​ដឹង​ថា អ្វី​ដែល​ព្រះ‌អង្គ​សូម​ពី​ព្រះ ព្រះ​នឹង​ប្រទាន​ឲ្យ​ព្រះ‌អង្គ​ជា​មិន​ខាន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។ ម៉ាថា​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ម្ចាស់​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាល​ណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​វិញ​ដែរ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ និង​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ។ តើ​នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ?» នាង​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន»។ ពេល​នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ នាង​ក៏​ទៅ​ហៅ​ម៉ារា​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «លោក​គ្រូ​អញ្ជើញ​មក​ដល់​ហើយ លោក​ហៅ​ឯង»។ កាល​នាង​ម៉ារា​បាន​ឮ​ដូច្នេះ នាង​ក្រោក​ឡើង​ជា​ប្រញាប់​ទៅ​រក​ព្រះ‌អង្គ។ ពេល​នេះ ព្រះ‌យេស៊ូវ​មិន​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយទេ គឺ​ព្រះ‌អង្គ​គង់​នៅ​ត្រង់​កន្លែង​ដែល​ម៉ាថា​បាន​ជួប។ កាល​ពួក​សាសន៍​យូដា ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង កំពុង​កម្សាន្ត​ចិត្ត​នាង ឃើញ​ម៉ារា​ក្រោក​ឡើង ហើយ​ចេញ​ទៅ​យ៉ាង​ប្រញាប់​ប្រញាល់​ដូច្នេះ គេ​ក៏​ទៅ​តាម​នាង ព្រោះ​គេ​គិត​ថា​នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។ ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ហើយ​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នាង​យំ​ដែរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល និង​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​បញ្ចុះ​សព​គាត់​នៅ​ឯ​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់ សូម​យាង​ទៅ​មើល​ចុះ»។ ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។

អាន យ៉ូហាន 11

វីដេអូសម្រាប់ យ៉ូហាន 11:17-35

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 11:17-35