យ៉ូហាន 1:10-18

យ៉ូហាន 1:10-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​ព្រះអង្គ ប៉ុន្តែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះអង្គ​ទេ។ ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ត្រ​នោះ​ពុំ​បាន​ទទួល​ព្រះអង្គ​ឡើយ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជាម្ចាស់​វិញ។ ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុងរឿង​របស់​ព្រះអង្គ ជា​សិរី‌រុងរឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌គុណ និង​សេចក្ដី​ពិត។ លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះអង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌គុណ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ*​តាម​រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត។ ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះអង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា ។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:10-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។ លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។ យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ មក​ពី​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:10-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​គង់​ក្នុង​លោកីយ ហើយ​លោកីយ​ក៏​កើត​មក​ដោយ‌សារ​ទ្រង់ តែ​មិន​ស្គាល់​ទ្រង់​ទេ ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​របស់​ទ្រង់ តែ​រាស្ត្រ​ទ្រង់​មិន​បាន​ទទួល​ទ្រង់​សោះ ប៉ុន្តែ​អស់​អ្នក​ណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច​ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ គឺ​ជា​កូន ដែល​មិន​មែន​កើត​មក​ពី​ឈាម ឬ​តាម​ប្រាថ្នា​ខាង​រូប​សាច់ ឬ​តាម​ចំណង់​នៃ​មនុស្ស​ឡើយ គឺ​កើត​មក​អំពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​ក៏​ត្រឡប់​ជា​សាច់​ឈាម ហើយ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា យើង​រាល់​គ្នា​បាន​ឃើញ​សិរី‌ល្អ​ទ្រង់ គឺ​ជា​សិរី‌ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​១ ដែល​មក​ពី​ព្រះវរ‌បិតា មាន​ពេញ​ជា​ព្រះ‌គុណ នឹង​សេចក្ដី​ពិត ឯ​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ទ្រង់ ដោយ​បន្លឺ​ឧទាន​ឡើង​ថា គឺ​ពី​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​បាន​ត្រឡប់​ជា​មុន​ខ្ញុំ​វិញ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ ហើយ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំពី​សេចក្ដី​ពោរ‌ពេញ​របស់​ទ្រង់​មក គឺ​ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ​ផង ដ្បិត​បណ្តា​ក្រិត្យ‌វិន័យ​ទាំង​ប៉ុន្មាន បាន​ប្រទាន​មក ដោយ‌សារ​លោក​ម៉ូសេ តែ​ឯ​ព្រះ‌គុណ នឹង​សេចក្ដី​ពិត នោះ​បាន​មក ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ​វិញ គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​តែ​១​ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះវរ‌បិតា​ប៉ុណ្ណោះ ទ្រង់​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 1