យ៉ូហាន 1:10-18

យ៉ូហាន 1:10-18 គកស១៦

ព្រះ‌អង្គ​បាន​គង់​នៅ​ក្នុងពិភព​លោក ហើយពិភព​លោក​កើត​មក​ដោយ​សារ​ព្រះ‌អង្គ តែ​មនុស្ស​លោក​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។ ព្រះ‌អង្គ​បាន​យាង​មក​គង់​នៅ​ទឹក​ដី​របស់​ព្រះ‌អង្គ តែ​ប្រជា​រាស្ត្រ​ព្រះ‌អង្គ​មិន​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។ ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ ជា​កូន​ដែល​មិន​មែន​កើត​មក​ពី​ឈាម ពី​ប្រាថ្នា​ខាង​រូប​សាច់ ឬ​ពី​ចំណង់​របស់​មនុស្ស​ឡើយ គឺ​កើត​មក​ពី​ព្រះ​វិញ។ ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។ លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​ព្រះ‌អង្គ​នេះ​ហើយ ដែល​ខ្ញុំ​ប្រាប់​ថា៖ "ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ មាន​ឋានៈ​ធំ​ជាង​ខ្ញុំ ដ្បិត​ទ្រង់​គង់​នៅ​មុន​ខ្ញុំ"»។ យើង​រាល់​គ្នា​បាន​ទទួល​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ មក​ពី​ព្រះ‌អង្គ ជា​ព្រះ‌គុណ​ថែម​លើ​ព្រះ‌គុណ ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ គ្មាន​នរណា​ដែល​ឃើញ​ព្រះ​ឡើយ មាន​តែ​ព្រះ‌រាជ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​គង់​នៅ​ក្នុង​ឱរា​ព្រះ‌វរបិតា ទ្រង់​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌អង្គ។

អាន យ៉ូហាន 1