យេរេមា 39:1-7
យេរេមា 39:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅខែដប់ ឆ្នាំទីប្រាំបួននៃរាជ្យសេដេគា ស្តេចយូដា នោះព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម។ នៅថ្ងៃប្រាំបួន ខែទីប្រាំបួន ឆ្នាំទីដប់មួយ នៃរាជ្ជកាលព្រះបាទសេដេគា គេបំបែកទម្លាយកំផែងទីក្រុងបានហើយ។ ពេលនោះ គេយកបានក្រុងយេរូសាឡិមហើយ មន្ត្រីរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្ដាល គឺមាននើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាបសារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រមទាំងមន្ត្រីឯទៀតទាំងប៉ុន្មានរបស់ស្តេចបាប៊ីឡូន។ កាលព្រះបាទសេដេគា ជាស្តេចយូដា និងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្ដាលកំផែងទាំងពីរ ទ្រង់ចេញតម្រង់ទៅឯស្រុកវាល។ ប៉ុន្តែ ពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមព្រះបាទសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ ក៏នាំទៅព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់។ ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ ហើយចាក់បង្ខូចព្រះនេត្ររបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់នាំទៅឯស្រុកបាប៊ីឡូន។
យេរេមា 39:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួន នៃរជ្ជកាលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកកងទ័ពទាំងមូលមកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។ នៅខែទីបួន ថ្ងៃទីប្រាំបួន ក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា កងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។ ពេលនោះ មេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូនដណ្ដើមយកបានទ្វារកណ្ដាល។ មេទ័ពទាំងនោះ គឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលិក លោកមេបញ្ជាការនើកាល-សារេស៊ើរ និងមេទ័ពឯទៀតៗរបស់ស្ដេចស្រុកបាប៊ីឡូន។ ពេលព្រះបាទសេដេគា ជាស្ដេចស្រុកយូដា និងទាហានទាំងអស់ ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់ តាមផ្លូវឧទ្យានរបស់ស្ដេច និងតាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាប ជិតក្រុងយេរីខូ។ ពួកគេចាប់ស្ដេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសា នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ-ក បុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ-ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។ បន្ទាប់មក ស្ដេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។
យេរេមា 39:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅខែបុស្សឆ្នាំទី៩នៃរាជ្យសេដេគា ស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នឹងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទំលាយកំផែងទីក្រុងបានហើយ រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។ កាលសេដេគា ជាស្តេចយូដា នឹងពួកទាហានទាំងប៉ុន្មានបានឃើញគេ នោះក៏រត់ចេញពីទីក្រុងទៅទាំងយប់ តាមផ្លូវសួនច្បាររបស់ស្តេច ដែលចេញតាមទ្វារនៅកណ្តាលកំផែងទាំង២ ទ្រង់ចេញដំរង់ទៅឯស្រុកវាល តែពលទ័ពសាសន៍ខាល់ដេ ក៏ដេញតាមសេដេគាទាន់នៅត្រង់វាលយេរីខូរ កាលគេចាប់ទ្រង់បានហើយ នោះក៏នាំទៅឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ត្រង់រីបឡា នៅស្រុកហាម៉ាត ហើយនេប៊ូក្នេសាក៏កាត់ទោសទ្រង់ រួចស្តេចបាប៊ីឡូន ទ្រង់សំឡាប់ពួកបុត្រារបស់សេដេគា នៅចំពោះព្រះនេត្រទ្រង់ត្រង់រីបឡានោះ ក៏សំឡាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ ហើយចាក់បង្ខូចព្រះនេត្ររបស់សេដេគា រួចដាក់ច្រវាក់ដឹកនាំទៅឯស្រុកបាប៊ីឡូន