យេរេមា 39:1-7

យេរេមា 39:1-7 គកស១៦

នៅ​ខែដប់ ឆ្នាំ​ទី​ប្រាំបួន​នៃ​រាជ្យ​សេដេគា ស្តេច​យូដា នោះ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពល‌ទ័ព​ទ្រង់​ទាំង​អស់ ក៏​មក​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។ នៅ​ថ្ងៃ​ប្រាំបួន ខែ​ទី​ប្រាំបួន ឆ្នាំ​ទី​ដប់​មួយ នៃ​រាជ្ជកាល​ព្រះបាទ​សេដេគា គេ​បំបែក​ទម្លាយ​កំផែង​ទី​ក្រុង​បាន​ហើយ។ ពេល​នោះ គេ​យក​បាន​ក្រុង​យេរូសាឡិម​ហើយ មន្ត្រី​របស់​ស្តេច​បាប៊ីឡូន​ទាំង​ប៉ុន្មាន ក៏​ចូល​មក​អង្គុយ​នៅ​ត្រង់​ទ្វារ​ជាន់​កណ្ដាល គឺ​មាន​នើកាល-សារេស៊ើរ សាំកា-នេបូរ សាសេគិម រ៉ាប​សារីស នើកាល-សារេស៊ើរ រ៉ាបម៉ាក់ ព្រម​ទាំងមន្ត្រីឯ​ទៀតទាំង​ប៉ុន្មាន​របស់​ស្តេច​បាប៊ីឡូន។ កាល​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល។ ប៉ុន្តែ ពល‌ទ័ព​សាសន៍​ខាល់ដេ ក៏​ដេញ​តាម​ព្រះបាទ​សេដេគា​ទាន់​នៅ​ត្រង់​វាល​យេរីខូរ កាល​គេ​ចាប់​ទ្រង់​បាន​ហើយ ក៏​នាំ​ទៅ​ព្រះបាទ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ត្រង់​រីបឡា នៅ​ស្រុក​ហាម៉ាត ហើយ​នេប៊ូក្នេសា​ក៏​កាត់​ទោស​ទ្រង់។ ស្តេច​បាប៊ីឡូន​សម្លាប់​ពួក​បុត្រា​របស់ព្រះបាទ​សេដេគា នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់​ត្រង់​រីបឡា​នោះ ក៏​សម្លាប់​ពួក​អ្នក​មាន​ត្រកូល​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ដែរ ហើយ​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ព្រះបាទ​សេដេគា រួច​ដាក់​ច្រវាក់​នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន។

អាន យេរេមា 39