យេរេមា 10:1-22

យេរេមា 10:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។ ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។ ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត​ខ្លាច​សំណំ​តែ​នឹង​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​ក្នុង​បណ្ដា​មនុស្ស​មាន​ប្រាជ្ញា​ទាំង‌ឡាយ នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ។ គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​ល្ងី‌ល្ងើ លេលា លទ្ធិ​របស់​គេ​គឺ​រូប​ព្រះ ប៉ុន្តែ ជា​ដុំ​ឈើ! គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។ ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។ ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។ កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។ មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក ឥត​មាន​ដង្ហើម​ឡើយ។ វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។ ឯ​ព្រះ​យេហូវ៉ា ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​អ្នក​ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ស្រុក​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។ វរ​ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ពួក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចម្រើន ហើយ​ពួក​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។ មាន​ឮ​សូរគ្រឹក​គ្រេង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ត្រូវ​បំផ្លាញ ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។

ចែក​រំលែក
អាន យេរេមា 10

យេរេមា 10:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់ ផ្សេងៗ​នៅ​លើ​មេឃ ដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។ ជំនឿ​សាសនា​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ។ ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។ បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។ ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។ កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។ ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង ព្រះអង្គ​បាន​ឡើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដម ហើយ​ព្រះ‌នាម​ព្រះអង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរ ព្រោះ​ព្រះអង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។ មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ របស់​ប្រជា‌ជាតិ​នានា។ ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីស និង​យក​មាស​ពី​ស្រុក​អ៊ូផាស ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់ យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ មក​ពាក់​ឲ្យ​ផង។ រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិត ព្រះអង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច។ ពេល​ព្រះអង្គ​សម្តែង​ព្រះ‌ពិរោធ នោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ​ទេ។ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ​ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​បាន​សូន​ផែនដី ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​ពិភព​លោក ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះអង្គ ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ពេល​ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង ទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃ ពពក​រសាត់​មក​ពី​ជើង​មេឃ ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។ ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ ហើយ​ភ័ន្ត‌ភាំង​ស្មារតី ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ ដែល​នឹង​ត្រូវ​វិនាស​សូន្យ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ ព្រះអង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ព្រះអង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែល ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យេរូ‌សាឡឹម​អើយ សត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ! ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក! ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។ ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ! ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ! ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែន តែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន! ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់ រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរ កូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយ គ្មាន​នរណា​ជួយ​ដំឡើង​ជំរំ និង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។ នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើ ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យ ហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។ ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង ដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

ចែក​រំលែក
អាន យេរេមា 10

យេរេមា 10:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ គឺ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សំគាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សំគាល់​ទាំង​នោះ ពី​ព្រោះ​អស់​ទាំង​ទំនៀម‌ទំលាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ នឹង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា រូប​ទាំង​នោះ​ឈរ​ត្រង់ ដូច​ជា​ដើម​លម៉ើ​វា​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ពី​ព្រោះ​ដើរ​មិន​រួច កុំ​ឲ្យ​កោត‌ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។ ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ទ្រង់​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត‌ខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំង‌ឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្ដី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស នឹង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង នឹង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ នឹង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។ ព្រះ‌ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់ កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រាអែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។ វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ‌ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ មាន​ឮ​សូរ‌សព្ទ ពី​ការ​កោលា‌ហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។

ចែក​រំលែក
អាន យេរេមា 10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ