យេរេមា 10:1-22

យេរេមា 10:1-22 គកស១៦

ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។ ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ។ ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ណា​ដែល​មិន​ត្រូវ​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត​ខ្លាច​សំណំ​តែ​នឹង​ព្រះ‌អង្គ​ប៉ុណ្ណោះ ព្រោះ​ក្នុង​បណ្ដា​មនុស្ស​មាន​ប្រាជ្ញា​ទាំង‌ឡាយ នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ព្រះ‌អង្គ​ឡើយ។ គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​ល្ងី‌ល្ងើ លេលា លទ្ធិ​របស់​គេ​គឺ​រូប​ព្រះ ប៉ុន្តែ ជា​ដុំ​ឈើ! គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។ ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។ ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។ កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។ មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក ឥត​មាន​ដង្ហើម​ឡើយ។ វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។ ឯ​ព្រះ​យេហូវ៉ា ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​អ្នក​ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ស្រុក​ទៅ។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! ឥឡូវ​នេះ យើង​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ ហើយ​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​យើង។ វរ​ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្ដី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្ដី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំ‌ទ្រ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ពួក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចម្រើន ហើយ​ពួក​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ។ មាន​ឮ​សូរគ្រឹក​គ្រេង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​ធ្វើ​ឲ្យ​ទី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ត្រូវ​បំផ្លាញ ក្លាយ​ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។

អាន យេរេមា 10