ចៅហ្វាយ 7:9-15

ចៅហ្វាយ 7:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ជំរំ​ទ័ព​របស់​គេ​ទៅ ដ្បិត​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប៉ុន្ដែ បើ​អ្នក​ខ្លាចមិន​ហ៊ាន​ចុះ​ទៅ ចូរ​នាំ​ពូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក ចុះ​ទៅ​ជា​មួយ​ផង​ទៅ។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ ហើយ​ក្រោយ​នោះ អ្នក​នឹង​មាន​កម្លាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​ជំរំ​របស់​គេ​បាន»។ ដូច្នេះ លោក​ក៏​ចុះ​ទៅ​ជាមួយ​ពូរ៉ា ជា​អ្នក​បម្រើ​របស់​លោក ទៅ​ដល់​ខ្សែ​ត្រៀម​ជួរ​មុខ​របស់ទាហាន​ដែល​នៅ​ក្នុងជំរំ​ទ័ព។ ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ កាល​គេឌាន​បាន​ទៅ​ដល់ នោះ​មាន​បុរស​ម្នាក់​កំពុង​តែ​និយាយ​អំពី​យល់​សប្តិ ប្រាប់គូកន​របស់​ខ្លួន​ថា៖ «មើល៍ អញ​យល់​សប្តិ​ឃើញ​នំបុ័ង​ម្សៅ​ឱក​មួយ​ដុំ រមៀល​ចុះ​មក​ក្នុង​ជំរំ‌ទ័ព​របស់​ពួក​ម៉ាឌាន​យើង​នេះ ហើយ​មក​ទង្គិច​នឹង​ត្រសាល ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង រាប​ទៅ​នឹង​ដី»។ គូកន​របស់​គាត់​ឆ្លើយ​ថា៖ «នេះគ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​គេឌាន ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

ចែក​រំលែក
អាន ចៅហ្វាយ 7

ចៅហ្វាយ 7:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បម្រើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។ ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ» ។ មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

ចែក​រំលែក
អាន ចៅហ្វាយ 7

ចៅហ្វាយ 7:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ តែ​បើ​ឯង​ខ្លាច​នឹង​ទៅ នោះ​ឲ្យ​នាំ​ពូរ៉ា ជា​អ្នក​បំរើ​របស់​ឯង ចុះ​ទៅ​ជា​មួយ​ផង​ចុះ ឯង​នឹង​បាន​ឮ​សេចក្ដី​ដែល​គេ​ថា ហើយ​លំដាប់​នោះ​ឯង​នឹង​មាន​កំឡាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​គេ​បាន ដូច្នេះ​លោក នឹង​ពូរ៉ា ជា​អ្នក​បំរើ ក៏​ចុះ​ទៅ​ដល់​ជិត​កន្លែង​ក្រៅ​បំផុត​នៃ​ពួក​ពល​ដែល​បោះ​ទ័ព​នៅ រីឯ​ពួក​ម៉ាឌាន នឹង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ កាល​គេឌាន​មក​ដល់​ហើយ នោះ​មាន​មនុស្ស​ម្នាក់​កំពុង​តែ​និយាយ​សប្តិ​ប្រាប់​ដល់​គូ‌កន​ខ្លួន​ថា មើល អញ​យល់​សប្តិ​ឃើញ មាន​នំបុ័ង​ម្សៅ​ឱក​១​ដុំ រមៀល​ចុះ​មក​ក្នុង​ទី​បោះ​ទ័ព​នៃ​ពួក​ម៉ាឌាន​យើង​នេះ ក៏​មក​ទង្គិច​នឹង​ត្រសាល​ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង​រាប​ទៅ​នឹង​ដី គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។ នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ នឹង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រាអែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ

ចែក​រំលែក
អាន ចៅហ្វាយ 7

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ