ពួក​ចៅ‌ហ្វាយ 7:9-15

ពួក​ចៅ‌ហ្វាយ 7:9-15 គកស១៦

នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ជំរំ​ទ័ព​របស់​គេ​ទៅ ដ្បិត​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប៉ុន្ដែ បើ​អ្នក​ខ្លាចមិន​ហ៊ាន​ចុះ​ទៅ ចូរ​នាំ​ពូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក ចុះ​ទៅ​ជា​មួយ​ផង​ទៅ។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ ហើយ​ក្រោយ​នោះ អ្នក​នឹង​មាន​កម្លាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​ជំរំ​របស់​គេ​បាន»។ ដូច្នេះ លោក​ក៏​ចុះ​ទៅ​ជាមួយ​ពូរ៉ា ជា​អ្នក​បម្រើ​របស់​លោក ទៅ​ដល់​ខ្សែ​ត្រៀម​ជួរ​មុខ​របស់ទាហាន​ដែល​នៅ​ក្នុងជំរំ​ទ័ព។ ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ កាល​គេឌាន​បាន​ទៅ​ដល់ នោះ​មាន​បុរស​ម្នាក់​កំពុង​តែ​និយាយ​អំពី​យល់​សប្តិ ប្រាប់គូកន​របស់​ខ្លួន​ថា៖ «មើល៍ អញ​យល់​សប្តិ​ឃើញ​នំបុ័ង​ម្សៅ​ឱក​មួយ​ដុំ រមៀល​ចុះ​មក​ក្នុង​ជំរំ‌ទ័ព​របស់​ពួក​ម៉ាឌាន​យើង​នេះ ហើយ​មក​ទង្គិច​នឹង​ត្រសាល ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង រាប​ទៅ​នឹង​ដី»។ គូកន​របស់​គាត់​ឆ្លើយ​ថា៖ «នេះគ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​គេឌាន ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ពួក​ចៅ‌ហ្វាយ 7:9-15