ចៅហ្វាយ 7:1-21

ចៅហ្វាយ 7:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។ ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្ដា‌ជន​ថា "អ្នក​ណា​ភ័យ​ខ្លាច ហើយ​ញាប់​ញ័រ ត្រូវ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ"»។ ពេល​នោះ មាន​មនុស្ស​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ទៀត​ថា៖ «មនុស្ស​នៅ​តែ​មាន​ចំនួន​ច្រើន​ពេក​នៅ​ឡើយ។ ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក យើង​នឹង​ល្បង​ល​គេ​ឲ្យ​អ្នកនៅ​ទី​នោះ អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​ត្រូវ​ទៅ​ជា​មួយ​អ្នក នោះ​នឹង​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​អ្នក​ទេ នោះ​មិន​ត្រូវ​ទៅ​ឡើយ»។ ដូច្នេះ លោក​ក៏​នាំ​បណ្ដា​ជន​ចុះ​ទៅ​ក្នុង​ទឹក រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​គេឌាន​ថា៖ «អស់​អ្នក​ណា​ដែល​លិឍ​ទឹក​នឹង​អណ្ដាត​ដូច​ឆ្កែ នោះ​ត្រូវ​ញែក​ដោយ​ឡែក ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ញែក​ដោយ​ឡែក​ដែរ»។ ឯ​មនុស្ស​ដែល​លិឍ​ទឹក​ដោយ​ក្បង់​នឹង​ដៃ មាន​ចំនួន​បី​រយ​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទឹក​ទាំង​អស់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​ឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដោយ‌សារ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​រៀង​ខ្លួន​វិញ​ទៅ»។ ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀង​ខ្លួន ទុក​នៅ​តែ​ពួក​បី​រយ​នាក់​នោះ​ប៉ុណ្ណោះ។ ដូច្នេះ បណ្ដា​ជន​ក៏​យក​ស្បៀង​អាហារ និង​ត្រែ​របស់​គេ​កាន់​ជាប់​នឹង​ដៃ ឯ​ជំរំ​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​ច្រក​ភ្នំ។ នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ជំរំ​ទ័ព​របស់​គេ​ទៅ ដ្បិត​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប៉ុន្ដែ បើ​អ្នក​ខ្លាចមិន​ហ៊ាន​ចុះ​ទៅ ចូរ​នាំ​ពូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក ចុះ​ទៅ​ជា​មួយ​ផង​ទៅ។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ ហើយ​ក្រោយ​នោះ អ្នក​នឹង​មាន​កម្លាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​ជំរំ​របស់​គេ​បាន»។ ដូច្នេះ លោក​ក៏​ចុះ​ទៅ​ជាមួយ​ពូរ៉ា ជា​អ្នក​បម្រើ​របស់​លោក ទៅ​ដល់​ខ្សែ​ត្រៀម​ជួរ​មុខ​របស់ទាហាន​ដែល​នៅ​ក្នុងជំរំ​ទ័ព។ ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ កាល​គេឌាន​បាន​ទៅ​ដល់ នោះ​មាន​បុរស​ម្នាក់​កំពុង​តែ​និយាយ​អំពី​យល់​សប្តិ ប្រាប់គូកន​របស់​ខ្លួន​ថា៖ «មើល៍ អញ​យល់​សប្តិ​ឃើញ​នំបុ័ង​ម្សៅ​ឱក​មួយ​ដុំ រមៀល​ចុះ​មក​ក្នុង​ជំរំ‌ទ័ព​របស់​ពួក​ម៉ាឌាន​យើង​នេះ ហើយ​មក​ទង្គិច​នឹង​ត្រសាល ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង រាប​ទៅ​នឹង​ដី»។ គូកន​របស់​គាត់​ឆ្លើយ​ថា៖ «នេះគ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​គេឌាន ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។ លោក​បាន​ចែក​មនុស្ស​បីរយ​នាក់​ចេញ​ជា​បី​ពួក ហើយ​ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​ទទេ ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ ហើយ​ធ្វើ​ដូច​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ដល់​ជាយ​ជំរំ​ទ័ព​របស់​គេ ត្រូវ​ធ្វើ​ដូច​ខ្ញុំ។ ពេល​ណាខ្ញុំ និងអស់​អ្នក​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ត្រែ​ឡើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​ផ្លុំ​ត្រែ​ឡើង ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព​នោះ​ទាំង​មូល​ដែរ ហើយ​ត្រូវ​ស្រែក​ថា "នេះ​ហើយ​ជា​ដាវ​របស់​ព្រះ‌យេហូវ៉ា និង​របស់​គេឌាន"»។ ដូច្នេះ គេឌាន និង​មនុស្ស​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ ក៏​ចូល​ទៅ​ជាយ​ជំរំ​ទ័ព​របស់គេ នៅ​វេលា​ចាប់​ផ្ដើម​យាម​កណ្ដាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម។ គេ​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​បំបែក​ក្អម​ដែល​កាន់​នៅ​ដៃ។ ពេលនោះ ពួក​ទាំង​បី​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង កាន់​ត្រែ​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្តាំ ហើយ​ស្រែក​ឡើង​ថា៖ «នេះ​ហើយ​ជា​ដាវ​របស់​ព្រះ‌យេហូវ៉ា និង​របស់​គេឌាន!» គ្រប់​គ្នា​ឈរ​តាម​កន្លែង​រៀង​ៗខ្លួននៅ​ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព ឯ​ទ័ព​សត្រូវ​ទាំង​ប៉ុន្មាន​ក៏​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យរួច​ខ្លួន។

ចែក​រំលែក
អាន ចៅហ្វាយ 7

ចៅហ្វាយ 7:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​គេឌាន ហៅ​យេរូ‌បាល ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ជា​មួយ​កង‌ពល​របស់​លោក ទៅ​បោះ​ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ។ ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ទី​តាំង​ទ័ព​របស់​លោក​គេឌាន ត្រង់​ជ្រលង​ភ្នំ ក្បែរ​ភ្នំ​ម៉ូរេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ទ័ព​របស់​អ្នក​មាន​ចំនួន​ច្រើន​ពេក យើង​នឹង​មិន​ឲ្យ​គេ​មាន​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ម៉ាឌាន​ទេ ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​មុខ​ជា​ដណ្ដើម​យក​សិរី‌រុងរឿង​ពី​យើង ដោយ​ពោល​ថា គេ​ទទួល​បាន​ជ័យ‌ជម្នះ​ដោយ‌សារ​កម្លាំង​របស់​ខ្លួន ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល​ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់‌ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល​ទ័ព​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​គេឌាន​ទៀត​ថា៖ «កង‌ទ័ព​នៅ​តែ​មាន​ចំនួន​ច្រើន​នៅ​ឡើយ។ ចូរ​នាំ​ពួក​គេ​ចុះ​ទៅ​មាត់​ស្ទឹង នៅ​ទី​នោះ យើង​នឹង​ជ្រើស​រើស​ទ័ព​ឲ្យ​អ្នក គឺ​យើង​នឹង​ប្រាប់​ឲ្យ​អ្នក​ដឹង​ថា នរណា​ត្រូវ​ទៅ​ជា​មួយ​អ្នក ហើយ​នរណា​មិន​ត្រូវ​ទៅ»។ លោក​គេឌាន​ក៏​នាំ​ពល​ទ័ព​ចុះ​ទៅ​មាត់​ស្ទឹង រួច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ត្រូវ​ញែក​ទាហាន​ដែល​ផឹក​ទឹក​ដូច​ឆ្កែ ចេញ​ពី​ពួក​អ្នក​ដែល​លុត​ជង្គង់​ផឹក»។ ពេល​នោះ មាន​មនុស្ស​បី​រយ​នាក់​បាន​ក្បង់​ទឹក​ផឹក រីឯ​អ្នក​ដទៃ​ទៀត​គេ​លុត​ជង្គង់​ផឹក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល​តាម​រយៈ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក។ យើង​នឹង​ប្រគល់​ជន‌ជាតិ​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។ ចំពោះ​អ្នក​ឯ​ទៀតៗ ត្រូវ​ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ​ចុះ»។ បន្ទាប់​មក លោក​គេឌាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន លោក​ទុក​តែ​ទាហាន​បី​រយ​នាក់​ឲ្យ​នៅ​ជា​មួយ ព្រម​ទាំង​ស្បៀង​អាហារ និង​ស្នែង​សម្រាប់​ផ្លុំ។ រីឯ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​វាល​ទំនាប។ នៅ​យប់​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​គេឌាន​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សត្រូវ​ចុះ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប្រសិន​បើ​អ្នក​ខ្លាច មិន​ហ៊ាន​ចុះ​ទៅ​វាយ​ខ្មាំង​ទេ​នោះ ចូរ​នាំ​ពួរ៉ា ជា​បាវ​បម្រើ​របស់​អ្នក ចុះ​ទៅ​មើល​ជា​មុន​សិន។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ​គ្នា ហើយ​អ្នក​នឹង​មាន​កម្លាំង​ចិត្ត​ជា​មិន​ខាន។ ដូច្នេះ ចូរ​ទៅ​ទី​តាំង​ទ័ព​របស់​ខ្មាំង​ចុះ»។ លោក​ក៏​ទៅ​ជា​មួយ​ពួរ៉ា ជា​អ្នក​បម្រើ​របស់​លោក រហូត​ដល់​ខ្សែ​ត្រៀម​របស់​ខ្មាំង​សត្រូវ។ ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អាម៉ា‌ឡេក និង​ពួក​ពនេ‌ចរ​ទាំង​ប៉ុន្មាន​ពី​ទិស​ខាង​កើត​បោះ​ជំរំ​នៅ​ពាស‌ពេញ​វាល​ទំនាប ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូប ហើយ​អូដ្ឋ​របស់​គេ​ក៏​មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពេល​លោក​គេឌាន​ទៅ​ដល់ លោក​ឮ​បុរស​ម្នាក់​និយាយ​ប្រាប់​មិត្ត‌ភក្ដិ​អំពី​សុបិន​របស់​ខ្លួន​ដូច​ត​ទៅ៖ «គ្នា​បាន​យល់​សប្ដិ​ឃើញ​នំប៉័ង​មួយ​រមៀល​ចុះ រមៀល​ឡើង នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​យើង នំប៉័ង​រមៀល​ទៅ​បុក​នឹង​តង់ត៍​ធ្វើ​ឲ្យ​តង់ត៍​នោះ​រលំ» ។ មិត្ត‌ភក្ដិ​របស់​គាត់​ពោល​ឡើង​ថា៖ «គ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​លោក​គេឌាន កូន​របស់​លោក​យ៉ូអាស ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។ ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ជន‌ជាតិ​ម៉ាឌាន និង​កង‌ទ័ព​នេះ​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ ពេល​លោក​គេឌាន ឮ​គេ​និយាយ​គ្នា​អំពី​សុបិន និង​អត្ថ‌ន័យ​នៃ​សុបិន​នោះ លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក លោក​វិល​ទៅ​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង ព្រះ‌អម្ចាស់​ប្រគល់​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។ លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។ បន្ទាប់​មក លោក​បញ្ជា​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ បើ​ខ្ញុំ​ធ្វើ​អ្វី ត្រូវ​នាំ​គ្នា​ធ្វើ​តាម ពេល​ខ្ញុំ​ទៅ​ដល់​ក្បែរ​ទី​តាំង​ទ័ព​របស់​គេ បើ​ខ្ញុំ​ធ្វើ​អ្វី នាំ​គ្នា​ធ្វើ​តាម​ទៅ។ កាល​ណា​ខ្ញុំ និង​ពួក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ស្នែង អ្នក​រាល់​គ្នា​ដែល​នៅ​ជុំ‌វិញ​ទី​តាំង​ទ័ព​ត្រូវ​ផ្លុំ​ស្នែង​ដែរ ហើយ​ស្រែក​ឡើង​ថា “ជយោ​ព្រះ‌អម្ចាស់! ជយោ​លោក​គេឌាន!”»។ លុះ​ជិត​ពាក់​កណ្ដាល​អធ្រាត្រ ពេល​គេ​ទើប​នឹង​ប្ដូរ​អ្នក​យាម លោក​គេឌាន និង​ទាហាន​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក មក​ដល់​ជិត​ទី​តាំង​ទ័ព​របស់​ជន‌ជាតិ​ម៉ាឌាន ហើយ​នាំ​គ្នា​ផ្លុំ​ស្នែង​ឡើង ព្រម​ទាំង​បំបែក​ក្អម​ដែល​គេ​កាន់​មក​ជា​មួយ​នោះ។ ទ័ព​ទាំង​បី​ក្រុម​ផ្លុំ​ស្នែង និង​បំបែក​ក្អម​ព្រម​គ្នា ពួក​គេ​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​កាន់​ស្នែង​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្ដាំ ទាំង​ស្រែក​ថា៖ «យើង​វាយ​យក​ជ័យ​ថ្វាយ​ព្រះ‌អម្ចាស់ និង​យក​ជ័យ​ជូន​លោក​គេឌាន!»។ ពួក​គេ​ឈរ​នៅ​កន្លែង​រៀងៗ​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទី​តាំង​ទ័ព។ រីឯ​ខ្មាំង​សត្រូវ​ទាំង​អស់ ដែល​នៅ​ក្នុង​ទី​តាំង​ទ័ព នាំ​គ្នា​រត់ និង​ស្រែក ហើយ​បាក់​ទ័ព។

ចែក​រំលែក
អាន ចៅហ្វាយ 7

ចៅហ្វាយ 7:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ យេរូ-បាល គឺ​ជា​គេឌាន នឹង​ពួក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ​ទ័ព​នៅ​ជិត​ក្បាល​ទឹក​ហារ៉ុឌ ឯ​ពួក​ម៉ាឌាន​បាន​បោះ​ទ័ព​នៅ​ពី​ខាង​ជើង​គេ ជិត​ភ្នំ​ម៉ូរេ​ត្រង់​វាល​ច្រក​ភ្នំ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​គេឌាន​ថា ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​នឹង​ឯង​មាន​គ្នា​ច្រើន​ពេក​ណាស់ នឹង​ឲ្យ​អញ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រាអែល​អួត​ខ្លួន​ទាស់​នឹង​អញ​វិញ ដោយ​ថា អញ​បាន​ជួយ​សង្គ្រោះ​ខ្លួន​អញ​ទេ ដូច្នេះ​ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្តាជន​ថា អ្នក​ណា​ដែល​មាន​សេចក្ដី​ភ័យ​ញ័រ ចូរ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត​ត្រឡប់​ទៅ​វិញ​ចុះ នោះ​មាន​មនុស្ស​ចំនួន​២​ម៉ឺន​២​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ រួច​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ទៅ​គេឌាន​ទៀត​ថា បណ្តា​មនុស្ស​នៅ​តែ​ច្រើន​ពេក​នៅ​ឡើយ ដូច្នេះ​ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក​ទៅ អញ​នឹង​ល្បង​ល​គេ​ឲ្យ​ឯង អ្នក​ណា​ខ្លះ​ដែល​អញ​ប្រាប់​ឯង​ថា នេះ​ត្រូវ​ទៅ​ជា​មួយ​នឹង​ឯង គឺ​អ្នក​នោះ​ហើយ​ដែល​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​អញ​ប្រាប់​ឯង​ថា នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​ទេ អ្នក​នោះ​ឯង​ត្រូវ​នៅ​វិញ ដូច្នេះ​លោក​ក៏​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា បណ្តា​អស់​អ្នក​ណា​ដែល​លិទ្ធ​ទឹក​នឹង​អណ្តាត​ដូច​ជា​ឆ្កែ នោះ​ត្រូវ​ដាក់​ទុក​នៅ​ដោយ​ខ្លួន ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ដាក់​ដោយ​ខ្លួន​ដែរ ឯ​ពួក​មនុស្ស​ដែល​លិទ្ធ​ទឹក​ដោយ​ក្បង់​នឹង​ដៃ នោះ​មាន​ចំនួន​ជា​៣០០​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទាំង​អស់ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​គេឌាន​ថា អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង ដោយ‌សារ​មនុស្ស​៣០០​នាក់ ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត នោះ​ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​គេ​វិញ​ទៅ ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រាអែល​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​រៀង​ខ្លួន បាន​ទុក​នៅ​តែ​ពួក​៣០០​នាក់​នោះ​ប៉ុណ្ណោះ ពួក​នោះ​គេ​ក៏​យក​ស្បៀង​អាហារ នឹង​ត្រែ​របស់​គេ​ទៅ ឯ​ពួក​ម៉ាឌាន​គេ​បាន​បោះ​ទ័ព​នៅ​កន្លែង​ខាង​ក្រោម​លោក ក្នុង​វាល​ច្រក​ភ្នំ។ នៅ​វេលា​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​លោក​ថា ចូរ​ក្រោក​ឡើង​ចុះ​ទៅ​ឯ​ទី​បោះ​ទ័ព​របស់​គេ​ទៅ ដ្បិត​អញ​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ តែ​បើ​ឯង​ខ្លាច​នឹង​ទៅ នោះ​ឲ្យ​នាំ​ពូរ៉ា ជា​អ្នក​បំរើ​របស់​ឯង ចុះ​ទៅ​ជា​មួយ​ផង​ចុះ ឯង​នឹង​បាន​ឮ​សេចក្ដី​ដែល​គេ​ថា ហើយ​លំដាប់​នោះ​ឯង​នឹង​មាន​កំឡាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​គេ​បាន ដូច្នេះ​លោក នឹង​ពូរ៉ា ជា​អ្នក​បំរើ ក៏​ចុះ​ទៅ​ដល់​ជិត​កន្លែង​ក្រៅ​បំផុត​នៃ​ពួក​ពល​ដែល​បោះ​ទ័ព​នៅ រីឯ​ពួក​ម៉ាឌាន នឹង​ពួក​អាម៉ា‌លេក ហើយ​នឹង​ពួក​មនុស្ស​ពី​ស្រុក​ខាង​កើត គេ​នៅ​រាយ​ដេរ‌ដាស​ក្នុង​វាល​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ណាស់​ដូច​ជា​កណ្តូប សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ជា​ពន្លឹក​ឥត​គណនា ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ កាល​គេឌាន​មក​ដល់​ហើយ នោះ​មាន​មនុស្ស​ម្នាក់​កំពុង​តែ​និយាយ​សប្តិ​ប្រាប់​ដល់​គូ‌កន​ខ្លួន​ថា មើល អញ​យល់​សប្តិ​ឃើញ មាន​នំបុ័ង​ម្សៅ​ឱក​១​ដុំ រមៀល​ចុះ​មក​ក្នុង​ទី​បោះ​ទ័ព​នៃ​ពួក​ម៉ាឌាន​យើង​នេះ ក៏​មក​ទង្គិច​នឹង​ត្រសាល​ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង​រាប​ទៅ​នឹង​ដី គូ‌កន​គេ​ក៏​ឆ្លើយ​ឡើង​ថា នោះ​មិន​គឺ​ជា​អ្វី​ទេ គឺ​ជា​ដាវ​របស់​គេឌាន​ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​យើង​ទាំង​អស់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ហើយ។ នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ នឹង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រាអែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ លោក​ក៏​ចែក​ពួក​៣០០​នាក់​ចេញ​ជា​៣​ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង រួច​បង្គាប់​ថា ចូរ​មើល​មក​អញ ហើយ​ធ្វើ​តាម​អញ​ចុះ គឺ​កាល​ណា​អញ​ទៅ​ដល់​ទី​បោះ​ទ័ព ដែល​នៅ​ខាង​ក្រៅ​បំផុត នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​អញ គឺ​កាល​ណា​អញ​ផ្លុំ​ត្រែ​ឡើង ព្រម​ទាំង​ពួក​អ្នក​នៅ​ជា​មួយ​នឹង​អញ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផ្លុំ​ត្រែ​ឡើង នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព​ដែរ ហើយ​បញ្ចេញ​វាចា​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ។ ដូច្នេះ​គេឌាន នឹង​ពួក​១០០​នាក់​ដែល​នៅ​ជា​មួយ ក៏​មក​ដល់​ទី​បោះ​ទ័ព​ខាង​ក្រៅ​បំផុត នៅ​វេលា​ចូល​យាម​ជា​កណ្តាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម នោះ​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​បំបែក​ក្អម​ដែល​កាន់​នៅ​ដៃ ពួក​ទាំង​៣​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង ហើយ​ត្រែ​នៅ​ដៃ​ស្តាំ​សំរាប់​នឹង​ផ្លុំ ក៏​ស្រែក​ឡើង​ថា នេះ​ហើយ​ជា​ដាវ​ផង​ព្រះ‌យេហូវ៉ា ហើយ​របស់​ផង​គេឌាន​ដែរ គេ​ក៏​ឈរ​នឹង​នៅ​ត្រង់​កន្លែង​គេ​រៀង​ខ្លួន នៅ​ព័ទ្ធ​ជុំវិញ​ទី​បោះ​ទ័ព ឯ​ពួក​កង‌ទ័ព​នោះ​ក៏​តាំង​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យ​រួច​ផង

ចែក​រំលែក
អាន ចៅហ្វាយ 7