ពួក​ចៅ‌ហ្វាយ 7:1-21

ពួក​ចៅ‌ហ្វាយ 7:1-21 គកស១៦

ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ថា៖ «ចំនួន​មនុស្ស​ដែល​នៅ​ជា​មួយ​អ្នក មាន​គ្នា​ច្រើន​ពេក​ណាស់ យើង​ប្រគល់​ពួក​ម៉ាឌាន​មកក្នុង​កណ្ដាប់​ដៃ​គេ​មិន​បាន​ឡើយ ក្រែង​ពួក​អ៊ីស្រា‌អែល​អួត​ខ្លួនទាស់​នឹង​យើង ដោយ​ពោល​ថា គេ​បាន​សង្គ្រោះ​ដោយ​សារ​កម្លាំង​ដៃ​របស់​ខ្លួន។ ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ដល់​ត្រចៀក​បណ្ដា‌ជន​ថា "អ្នក​ណា​ភ័យ​ខ្លាច ហើយ​ញាប់​ញ័រ ត្រូវ​ឲ្យ​អ្នក​នោះ​វិល​ពី​ភ្នំ​កាឡាត ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ"»។ ពេល​នោះ មាន​មនុស្ស​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់​បាន​ត្រឡប់​វិល​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​គេឌាន​ទៀត​ថា៖ «មនុស្ស​នៅ​តែ​មាន​ចំនួន​ច្រើន​ពេក​នៅ​ឡើយ។ ចូរ​នាំ​គេ​ចុះ​ទៅ​ឯ​ទឹក យើង​នឹង​ល្បង​ល​គេ​ឲ្យ​អ្នកនៅ​ទី​នោះ អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​ត្រូវ​ទៅ​ជា​មួយ​អ្នក នោះ​នឹង​ត្រូវ​ទៅ ឯ​អ្នក​ណា​ដែល​យើង​ប្រាប់​អ្នក​ថា អ្នក​នេះ​មិន​ត្រូវ​ទៅ​ជា​មួយ​អ្នក​ទេ នោះ​មិន​ត្រូវ​ទៅ​ឡើយ»។ ដូច្នេះ លោក​ក៏​នាំ​បណ្ដា​ជន​ចុះ​ទៅ​ក្នុង​ទឹក រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​គេឌាន​ថា៖ «អស់​អ្នក​ណា​ដែល​លិឍ​ទឹក​នឹង​អណ្ដាត​ដូច​ឆ្កែ នោះ​ត្រូវ​ញែក​ដោយ​ឡែក ហើយ​អស់​អ្នក​ណា​ដែល​លុត​ជង្គង់​ផឹក​ទឹក នោះ​ក៏​ត្រូវ​ញែក​ដោយ​ឡែក​ដែរ»។ ឯ​មនុស្ស​ដែល​លិឍ​ទឹក​ដោយ​ក្បង់​នឹង​ដៃ មាន​ចំនួន​បី​រយ​នាក់ ក្រៅ​ពី​នោះ​សុទ្ធ​តែ​ជា​អ្នក​លុត​ជង្គង់​ផឹក​ទឹក​ទាំង​អស់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​គេ​ឌាន​ថា៖ «យើង​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​ប្រគល់​ពួក​ម៉ាឌាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដោយ‌សារ​មនុស្ស​បី​រយ​នាក់​ដែល​ក្បង់​ទឹក​ផឹក​នេះ ឯ​មនុស្ស​ឯ​ទៀត ត្រូវ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​រៀង​ខ្លួន​វិញ​ទៅ»។ ដូច្នេះ គេឌាន​ក៏​ឲ្យ​ពួក​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​ជំរំ​របស់​គេ​រៀង​ខ្លួន ទុក​នៅ​តែ​ពួក​បី​រយ​នាក់​នោះ​ប៉ុណ្ណោះ។ ដូច្នេះ បណ្ដា​ជន​ក៏​យក​ស្បៀង​អាហារ និង​ត្រែ​របស់​គេ​កាន់​ជាប់​នឹង​ដៃ ឯ​ជំរំ​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ក្រោម គឺ​នៅ​ច្រក​ភ្នំ។ នៅ​យប់​នោះ​ឯង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ថា៖ «ចូរ​ក្រោក​ឡើង ហើយ​ចុះ​ទៅ​វាយ​ជំរំ​ទ័ព​របស់​គេ​ទៅ ដ្បិត​យើង​បាន​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ប៉ុន្ដែ បើ​អ្នក​ខ្លាចមិន​ហ៊ាន​ចុះ​ទៅ ចូរ​នាំ​ពូរ៉ា​ជា​អ្នក​បម្រើ​របស់​អ្នក ចុះ​ទៅ​ជា​មួយ​ផង​ទៅ។ អ្នក​នឹង​ឮ​សេចក្ដី​ដែល​គេ​និយាយ ហើយ​ក្រោយ​នោះ អ្នក​នឹង​មាន​កម្លាំង​ដៃ​ខ្លាំង​ឡើង អាច​ចុះ​ទៅ​ទាស់​នឹង​ជំរំ​របស់​គេ​បាន»។ ដូច្នេះ លោក​ក៏​ចុះ​ទៅ​ជាមួយ​ពូរ៉ា ជា​អ្នក​បម្រើ​របស់​លោក ទៅ​ដល់​ខ្សែ​ត្រៀម​ជួរ​មុខ​របស់ទាហាន​ដែល​នៅ​ក្នុងជំរំ​ទ័ព។ ពួក​ម៉ាឌាន និង​ពួក​អាម៉ា‌ឡេក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ពី​ស្រុក​ខាង​កើត គេ​នៅ​តាម​ច្រក​ភ្នំ មាន​គ្នា​ច្រើន​ដូច​កណ្តូប ហើយ​សត្វ​អូដ្ឋ​របស់​គេ​ក៏​មាន​ច្រើន​ឥត​គណនា គឺ​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ កាល​គេឌាន​បាន​ទៅ​ដល់ នោះ​មាន​បុរស​ម្នាក់​កំពុង​តែ​និយាយ​អំពី​យល់​សប្តិ ប្រាប់គូកន​របស់​ខ្លួន​ថា៖ «មើល៍ អញ​យល់​សប្តិ​ឃើញ​នំបុ័ង​ម្សៅ​ឱក​មួយ​ដុំ រមៀល​ចុះ​មក​ក្នុង​ជំរំ‌ទ័ព​របស់​ពួក​ម៉ាឌាន​យើង​នេះ ហើយ​មក​ទង្គិច​នឹង​ត្រសាល ធ្វើ​ឲ្យ​រលំ​ផ្ងារ​ឡើង រាប​ទៅ​នឹង​ដី»។ គូកន​របស់​គាត់​ឆ្លើយ​ថា៖ «នេះគ្មាន​អ្វី​ក្រៅ​ពី​ដាវ​របស់​គេឌាន ជា​កូន​យ៉ូអាស សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ព្រះ​បាន​ប្រគល់​ពួក​ម៉ាឌាន​យើង​នេះ ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ»។ កាល​គេឌាន​បាន​ឮ​គេ​និយាយ​អំពីយល់​សប្តិ និង​ការ​បក​ស្រាយ​អំពីយល់​សប្ដិនោះ លោក​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ រួច​វិល​ត្រឡប់​មកជំរំ​ទ័ព​របស់​ពួក​អ៊ីស្រា‌អែលវិញ ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ»។ លោក​បាន​ចែក​មនុស្ស​បីរយ​នាក់​ចេញ​ជា​បី​ពួក ហើយ​ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​ទទេ ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​មើល​មក​ខ្ញុំ ហើយ​ធ្វើ​ដូច​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ដល់​ជាយ​ជំរំ​ទ័ព​របស់​គេ ត្រូវ​ធ្វើ​ដូច​ខ្ញុំ។ ពេល​ណាខ្ញុំ និងអស់​អ្នក​នៅ​ជា​មួយ​ខ្ញុំ​ផ្លុំ​ត្រែ​ឡើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​ផ្លុំ​ត្រែ​ឡើង ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព​នោះ​ទាំង​មូល​ដែរ ហើយ​ត្រូវ​ស្រែក​ថា "នេះ​ហើយ​ជា​ដាវ​របស់​ព្រះ‌យេហូវ៉ា និង​របស់​គេឌាន"»។ ដូច្នេះ គេឌាន និង​មនុស្ស​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ ក៏​ចូល​ទៅ​ជាយ​ជំរំ​ទ័ព​របស់គេ នៅ​វេលា​ចាប់​ផ្ដើម​យាម​កណ្ដាល កាល​គេ​ទើប​នឹង​ផ្លាស់​យាម។ គេ​ក៏​ផ្លុំ​ត្រែ​ឡើង ហើយ​បំបែក​ក្អម​ដែល​កាន់​នៅ​ដៃ។ ពេលនោះ ពួក​ទាំង​បី​បាន​ផ្លុំ​ត្រែ ហើយ​បំបែក​ក្អម​គ្រប់​គ្នា រួច​កាន់​ចន្លុះ​នៅ​ដៃ​ឆ្វេង កាន់​ត្រែ​សម្រាប់​ផ្លុំ​នៅ​ដៃ​ស្តាំ ហើយ​ស្រែក​ឡើង​ថា៖ «នេះ​ហើយ​ជា​ដាវ​របស់​ព្រះ‌យេហូវ៉ា និង​របស់​គេឌាន!» គ្រប់​គ្នា​ឈរ​តាម​កន្លែង​រៀង​ៗខ្លួននៅ​ព័ទ្ធ​ជុំ‌វិញ​ជំរំ​ទ័ព ឯ​ទ័ព​សត្រូវ​ទាំង​ប៉ុន្មាន​ក៏​រត់ ទាំង​ស្រែក​ឡើង ហើយ​ខំ​ឲ្យរួច​ខ្លួន។