ចៅហ្វាយ 6:11-16

ចៅហ្វាយ 6:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។ ទេវតារបស់​ព្រះ‌យេហូវ៉ាបានបង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា៖ «នែ៎ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក»។ គេ​ឌាន​ឆ្លើយ​តប​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ​មែន ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​យើង​ខ្ញុំ​ដូច្នេះ? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនោះ? ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន​ហើយ»។ ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។ លោក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? មើល៍ ត្រកូល​ទូល‌បង្គំ​ខ្សត់​ខ្សោយ​ជាង​គេ​ក្នុង​ពួក​ម៉ាណា‌សេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​ជាង​គេនៅ​ក្នុងគ្រួសា​របស់​ឪពុក​ទូល‌បង្គំ​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «យើង​នឹង​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​សាសន៍​ម៉ាឌាន ដូច​ជា​វាយ​មនុស្ស​តែ​ម្នាក់»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

គ្រា​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​មក​ភូមិ​អូប្រា អង្គុយ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ូអាស ក្នុង​អំបូរ​អបៀ‌ស៊ើរ។ ពេល​នោះ លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស កំពុង​តែ​បោក​បែន​ស្រូវ ក្នុង​ធុង​សម្រាប់​គាប​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​កុំ​ឲ្យ​ជន‌ជាតិ​ម៉ាឌាន​ឃើញ។ ទេវតា​របស់​ព្រះ‌អម្ចាស់​មក​បង្ហាញ​ខ្លួន​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ពោល​ថា៖ «វីរ‌ជន​ដ៏​អង់‌អាច​អើយ ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​អ្នក​ហើយ!»។ លោក​គេឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ដូនតា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា ព្រះ‌អម្ចាស់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ ព្រះ‌អម្ចាស់​បោះ​បង់​ចោល​យើង​ហើយ ព្រះអង្គ​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។ ព្រះ‌អម្ចាស់ បែរ​មក​រក​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។ លោក​គេឌាន​ឆ្លើយ​ថា៖ «លោក​ម្ចាស់​អើយ ធ្វើ​ដូច​ម្ដេច​ឲ្យ​ខ្ញុំ​ប្របាទ​អាច​សង្គ្រោះ​អ៊ីស្រា‌អែល​បាន? ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ អំបូរ​របស់​ខ្ញុំ​ប្របាទ​ខ្សត់‌ខ្សោយ​ជាង​គេ ហើយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ប្របាទ​ទៀត​សោត ក៏​ខ្ញុំ​ប្របាទ​ក្មេង​ជាង​គេ​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។

ចែក​រំលែក
អាន ចៅហ្វាយ 6

ចៅហ្វាយ 6:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​លេច​មក​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង តែ​គេឌាន​ឆ្លើយ​ឡើង​ថា ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ពួក​ទូលបង្គំ​ពិត នោះ​ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​ពួក​ទូលបង្គំ​ដូច្នេះ ឯ​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដែល​ពួក​ឰយុកោ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក តើ​ការ​ទាំង​នោះ​នៅ​ឯ​ណា ដ្បិត​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​ពួក​ទូលបង្គំ ព្រម​ទាំង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ហើយ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ទត​មើល​លោក ហើយ​មាន​បន្ទូល​ថា ចូរ​ឯង​ទៅ​ដោយ‌សារ​កំឡាំង​ឯង​នេះ ហើយ​ជួយ​សង្គ្រោះ​សាសន៍​អ៊ីស្រាអែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ម៉ាឌាន​ចុះ អញ​បាន​ចាត់​ឯង​ឲ្យ​ទៅ​ហើយ រួច​លោក​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូលបង្គំ​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល​បាន មើល ទូលបង្គំ​ជា​គ្រួ​ក្រ​ជាង​គេ​ក្នុង​ពួក​ម៉ាន៉ាសេ ហើយ​ទូលបង្គំ​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​ពួក​ផ្ទះ​ឪពុក​ទូលបង្គំ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​តប​ថា អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ឯង​នឹង​វាយ​សាសន៍​ម៉ាឌាន​ដូច​ជា​វាយ​ដល់​មនុស្ស​តែ​ម្នាក់

ចែក​រំលែក
អាន ចៅហ្វាយ 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ