ពួក​ចៅ‌ហ្វាយ 6:11-16

ពួក​ចៅ‌ហ្វាយ 6:11-16 គកស១៦

គ្រា​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ាបាន​មក​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​អំបូរ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន​របស់​លោក កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន។ ទេវតារបស់​ព្រះ‌យេហូវ៉ាបានបង្ហាញ​ខ្លួន​ឲ្យ​លោក​ឃើញ ហើយ​ប្រាប់​ថា៖ «នែ៎ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​អ្នក»។ គេ​ឌាន​ឆ្លើយ​តប​ថា៖ «លោក​ម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា​មួយ​យើង​ខ្ញុំ​មែន ហេតុ​អ្វី​បាន​ជា​ការ​ទាំង​អស់​នេះ​កើត​ឡើង​ដល់​យើង​ខ្ញុំ​ដូច្នេះ? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ថ្លែង​ប្រាប់​ត​មក​ថា ព្រះ‌យេហូវ៉ា​បាន​នាំ​យើង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មកនោះ? ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ព្រះ‌អង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន​ហើយ»។ ព្រះ‌យេហូវ៉ា​បែរ​មក​ឯ​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ដោយ‌សារ​កម្លាំង​របស់​អ្នក​នេះ​ចុះ ហើយ​សង្គ្រោះ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ»។ លោក​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ធ្វើ​ដូច​ម្តេច​ឲ្យ​ទូល‌បង្គំ​អាច​សង្គ្រោះ​អ៊ីស្រាអែល​បាន? មើល៍ ត្រកូល​ទូល‌បង្គំ​ខ្សត់​ខ្សោយ​ជាង​គេ​ក្នុង​ពួក​ម៉ាណា‌សេ ហើយ​ទូល‌បង្គំ​ក៏​ជា​អ្នក​តូច​ជាង​គេនៅ​ក្នុងគ្រួសា​របស់​ឪពុក​ទូល‌បង្គំ​ដែរ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​តប​ថា៖ «យើង​នឹង​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​សាសន៍​ម៉ាឌាន ដូច​ជា​វាយ​មនុស្ស​តែ​ម្នាក់»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ពួក​ចៅ‌ហ្វាយ 6:11-16