ចៅហ្វាយ 13:2-7
ចៅហ្វាយ 13:2-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។ ទេវតានៃព្រះយេហូវ៉ាបានលេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា៖ «មើល៍ នាងជាស្ត្រីអារ គ្មានកូនសោះ តែនាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ ចូរប្រយ័ត្ន កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតមើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ មិនត្រូវយកកាំបិតកោរសក់វាឡើយ ព្រោះកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយ ហើយកូននោះនឹងចាប់ផ្ដើមសង្គ្រោះសាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ស្ត្រីនោះក៏ទៅប្រាប់ប្តីថា៖ «មានអ្នកសំណព្វរបស់ព្រះម្នាក់បានមកជួបខ្ញុំ លោកមានភិនភាគមើលទៅដូចជាទេវតារបស់ព្រះ គួរឲ្យស្ញែងខ្លាចណាស់ ខ្ញុំមិនបានសួរថាលោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះខ្ញុំដែរ តែលោកប្រាប់ខ្ញុំថា "មើល៍ នាងនឹងមានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ។ ដូច្នេះ កុំផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតកូននោះនឹងធ្វើជាពួកណាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់"»។
ចៅហ្វាយ 13:2-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ នៅក្រុងសូរ៉ាស់ មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ ថ្ងៃមួយ ទេវតា*របស់ព្រះអម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសារីត*មួយរូប។ កូននោះនឹងចាប់ផ្ដើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។ ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវតានៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសារីត*មួយរូប រហូតអស់មួយជីវិត»។
ចៅហ្វាយ 13:2-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ មានមនុស្សម្នាក់នៅត្រង់សូរ៉ាស់ ក្នុងពួកគ្រួដាន់ ឈ្មោះម៉ាណូអា ប្រពន្ធជាស្ត្រីអារ គ្មានកូនសោះ នោះទេវតានៃព្រះយេហូវ៉ាក៏លេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា មើលឥឡូវនេះ ឯងជាស្ត្រីអារគ្មានកូន តែឯងនឹងមានទំងន់បង្កើតបានកូនប្រុស១វិញ ដូច្នេះចូរប្រយ័ត កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ ដ្បិតមើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដូច្នេះនាងក៏ទៅប្រាប់ដល់ប្ដីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។