ពួក​ចៅ‌ហ្វាយ 13:2-7

ពួក​ចៅ‌ហ្វាយ 13:2-7 គកស១៦

គ្រា​នោះ មាន​បុរស​ម្នាក់​នៅ​សូរ៉ាស់ ក្នុង​កុល​សម្ព័ន្ធ​ដាន់ ឈ្មោះ​ម៉ាណូ‌អា។ ប្រពន្ធ​របស់​គាត់​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ។ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​ប្រពន្ធ​គាត់​ឃើញ ហើយ​ប្រាប់​ថា៖ «មើល៍ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ តែ​នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ ចូរ​ប្រយ័ត្ន កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​ឲ្យ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ មិន​ត្រូវ​យក​កាំបិត​កោរ​សក់​វា​ឡើយ ព្រោះ​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ផ្ទៃ​ម្តាយ ហើយ​កូន​នោះ​នឹង​ចាប់​ផ្ដើម​សង្គ្រោះ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្ត្រី​នោះ​ក៏​ទៅ​ប្រាប់​ប្តី​ថា៖ «មាន​អ្នក​សំណព្វ​របស់​ព្រះ​ម្នាក់​បាន​មក​ជួប​ខ្ញុំ លោក​មាន​ភិនភាគ​មើល​ទៅ​ដូច​ជា​ទេវតា​របស់​ព្រះ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ ខ្ញុំ​មិន​បាន​សួរ​ថា​លោក​មក​ពី​ណា​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឈ្មោះ​ខ្ញុំ​ដែរ តែ​លោក​ប្រាប់​ខ្ញុំ​ថា "មើល៍ នាង​នឹង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ។ ដូច្នេះ កុំ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ក៏​កុំ​បរិ‌ភោគ​អ្វី​ដែល​មិន​ស្អាត​ដែរ ដ្បិត​កូន​នោះ​នឹង​ធ្វើ​ជា​ពួក​ណា‌សារីត ថ្វាយ​ព្រះ​តាំង​ពី​ក្នុង​ផ្ទៃ រហូត​ដល់​ថ្ងៃ​ស្លាប់"»។