យ៉ាកុប 3:3-6

យ៉ាកុប 3:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប្រសិន‌បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្តាប់​បង្គាប់​យើង នោះ​យើង​ក៏​អាច​ញាក់​រូប‌កាយ​របស់​វា​ទាំង​មូល​បាន​ដែរ។ សូម​គិត​មើល​ពី​សំពៅ ទោះ​បី​វា​ធំ​ដល់​ម៉្លេះ ហើយ​ត្រូវ​ខ្យល់​បក់​គំហុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ​សារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្តាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​តូច​មួយ​មែន ប៉ុន្តែ ចេះ​អួត​អាង​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ភ្លើង​បន្តិច​ក៏​អាច​នឹង​ឆាប​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ! ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​អាច​ញាក់​ខ្លួន​វា​ទាំង​មូល​ឲ្យ​ទៅ​ណា​ក៏​បាន។ សូម​គិត​ពី​សំពៅ​ដែរ ទោះ​បី​វា​ធំ​ប៉ុន​ណា ហើយ​មាន​ខ្យល់​បក់​មក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ‌សារ​ចង្កូត​ដ៏​តូច​មួយ។ រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ វា​ជា​សរីរាង្គ​មួយ​តូច​មែន តែ​ពូកែ​ធ្វើ​ការ​សម្បើម​ណាស់។ មើល​ចុះ សូម្បី​តែ​ផ្កា​ភ្លើង​មួយ​តូច​ក៏​អាច​ធ្វើ​ឲ្យ​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​ដែរ! អណ្ដាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​សរីរាង្គ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ទៅ​ជា​សៅ‌ហ្មង និង​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​របស់​យើង​ត្រូវ​ខ្លោច‌ផ្សា ព្រោះ​មាន​ភ្លើង​នរក​នៅ​ក្នុង​អណ្ដាត​នេះ។

ចែក​រំលែក
អាន យ៉ាកុប 3

យ៉ាកុប 3:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ

ចែក​រំលែក
អាន យ៉ាកុប 3