យ៉ាកុប 3

3
ការ​ផ្សាំង​អណ្ដាត
1បង‌ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ដែល​បង្រៀន​គេ​នឹង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​តឹង​រឹង​ជាង​គេ។ 2ដ្បិត​យើង​ទាំង​អស់​គ្នា​ជំពប់​ជា​ញឹក​ញាប់ ហើយ​បើ​អ្នក​ណា​មិន​ជំពប់​ដោយ​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ក៏​អាច​នឹងទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ។ 3ប្រសិន‌បើ​យើង​ដាក់​ដែក​បង្ខាំ​ក្នុង​មាត់​សេះ ដើម្បី​ឲ្យ​វា​ស្តាប់​បង្គាប់​យើង នោះ​យើង​ក៏​អាច​ញាក់​រូប‌កាយ​របស់​វា​ទាំង​មូល​បាន​ដែរ។ 4សូម​គិត​មើល​ពី​សំពៅ ទោះ​បី​វា​ធំ​ដល់​ម៉្លេះ ហើយ​ត្រូវ​ខ្យល់​បក់​គំហុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ​សារ​ចង្កូត​ដ៏​តូច​មួយ។ 5រីឯ​អណ្តាត​ក៏​ដូច្នោះ​ដែរ វា​ជា​អវយវៈ​តូច​មួយ​មែន ប៉ុន្តែ ចេះ​អួត​អាង​សម្បើម​ណាស់។
មើល​ចុះ សូម្បី​តែ​ភ្លើង​បន្តិច​ក៏​អាច​នឹង​ឆាប​ឆេះ​ព្រៃ​មួយ​យ៉ាង​ធំ​បាន​ដែរ! 6ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។ 7គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ មនុស្ស​អាច​ផ្សាំង​វា​បាន ហើយ​សត្វ​នៅ​ក្នុង​សមុទ្រ ក៏​គេ​អាច​នឹង​ផ្សាំង​បាន​ដែរ 8តែ​គ្មាន​អ្នក​ណា​អាច​ផ្សាំង​អណ្តាត​បាន​ឡើយ វា​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ពុល ដែល​នាំ​ឲ្យ​ស្លាប់។ 9ដោយ​សារ​អណ្តាត យើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌វរបិតា ហើយ​ដោយ​សារ​អណ្ដាត យើង​ជេរ​ប្រទេច​បណ្តាសា​មនុស្ស ដែល​កើត​មក​ដូច​រូប​អង្គ​ព្រះ។ 10មាន​ទាំង​ពាក្យ​ឲ្យ​ពរ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​មួយ។ បង‌ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។ 11តើ​ប្រភព​ទឹក​តែ​មួយ អាច​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង​បាន​ឬ? 12បង‌ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​អាច​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ? ឯ​រន្ធ​ទឹក​ប្រៃ​ក៏​មិន​អាច​ហូរ​ចេញ​ពី​ទឹក​សាប​ដែរ។
ប្រាជ្ញា​ពីរ​ប្រភេទ
13ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់​ឬ​ទេ? ត្រូវ​ឲ្យ​អ្នក​នោះ​សម្តែង​ចេញ​ជា​កិរិយា​ល្អ តាម​រយៈ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្លូត​បូត ប្រកប​ដោយ​ប្រាជ្ញា​ចុះ។ 14ប៉ុន្តែ ប្រសិន‌បើ​អ្នក​មាន​ចិត្ត​ច្រណែន និង​មាន​គំនុំគុំ​គួន​ក្នុង​ចិត្ត នោះ​មិន​ត្រូវ​អួត​ខ្លួន ឬ​កុហក​ទាស់​នឹង​សេចក្តី​ពិត​ឡើយ។ 15ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។ 16ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន និង​គំនុំ​គុំ​គួន ទី​នោះ​ក៏​មាន​ភាព​វឹក‌វរ និង​អំពើ​អាក្រក់​គ្រប់​យ៉ាង។ 17ប៉ុន្តែ ប្រាជ្ញា​ដែល​មក​ពី​ស្ថាន​លើ ដំបូង​បង្អស់​គឺ​បរិសុទ្ធ បន្ទាប់​មក មាន​ចិត្ត​សន្តិភាព សុភាព​រាបសា មាន​អធ្យាស្រ័យ មាន​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា និង​ផល​ល្អ ឥត​រើស​មុខ ឥត​ពុត​មាយា។ 18អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ តែង​សាប​ព្រោះ​សន្តិភាព ហើយ​គេ​ច្រូត​បាន​ផល​ជា​សេចក្ដី​សុចរិត។

ទើបបានជ្រើសរើសហើយ៖

យ៉ាកុប 3: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ