យ៉ាកុប 2:14-24

យ៉ាកុប 2:14-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​ខ្ញុំ​អើយ បើ​អ្នក​ណា​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​បែប​នោះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឬ? ប្រសិន‌បើ​មាន​បង‌ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​នៅ​អាក្រាត ហើយ​ខ្វះ​អាហារ​បរិ‌ភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពោល​ទៅ​អ្នក​នោះ​ថា «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្តៅ ហើយ​ឲ្យ​បាន​ឆ្អែត​ចុះ!» តែ​មិន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​កាយ​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី? រី​ឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ។ ប៉ុន្តែ អ្នក​ខ្លះ​នឹង​ពោល​ថា៖ «អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​វិញ​មាន​ការ​ប្រព្រឹត្ត» ដូច្នេះ ចូរ​អ្នក​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​ឥត​មាន​ការ​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ដែរ។ អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។ ឱ​មនុស្ស​កម្លៅ​អើយ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​ឥត​ប្រយោជន៍​ឬ​ទេ? ចុះ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត នៅ​ពេល​លោក​បាន​ថ្វាយ​អ៊ីសាក​ជា​កូន នៅ​លើ​អាសនា​ទេ​ឬ? អ្នក​ឃើញ​ហើយ​ថា ជំនឿ​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​គ្រប់​លក្ខណ៍។ យ៉ាង​នោះ​ក៏​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​បាន​រាប់​សេចក្តី​នោះ​ជា​សុចរិត​ដល់​លោក» ដូច្នេះ ព្រះ​ក៏​ហៅ​លោក​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ។ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត មិន​មែន​ដោយ​សារ​តែ​ជំនឿ​ប៉ុណ្ណោះ​ទេ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:14-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? ប្រសិន​បើ​បងប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា: អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ អ្នក​ជឿ​ថា​ព្រះ‌ជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ! លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា។ អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ដូច្នេះ បងប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:14-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​តែ​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ‌សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង តែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត ដូច្នេះ ចូរ​អ្នក​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក ក្រៅ​ពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​ខ្ញុំ ដោយ‌សារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដែរ អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ ឱ​មនុស្ស​កំឡៅ​អើយ អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ចុះ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ​នោះ​ឯង នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ‌សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ‌សារ​ការ​ប្រព្រឹត្ត​ដែរ

ចែក​រំលែក
អាន យ៉ាកុប 2