យ៉ាកុប 2:14-24

យ៉ាកុប 2:14-24 ពគប

បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​តែ​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ‌សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង តែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត ដូច្នេះ ចូរ​អ្នក​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក ក្រៅ​ពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​ខ្ញុំ ដោយ‌សារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដែរ អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ ឱ​មនុស្ស​កំឡៅ​អើយ អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ចុះ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ​នោះ​ឯង នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ‌សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ‌សារ​ការ​ប្រព្រឹត្ត​ដែរ

អាន យ៉ាកុប 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 2:14-24