យ៉ាកុប 2:1-26

យ៉ាកុប 2:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សម្លៀក​បំពាក់​ដ៏​មាន​តម្លៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់ដ៏​មាន​តម្លៃ​នោះ ហើយ​ពោល​ថា «សូមអញ្ជើញ​អង្គុយ​នៅ​កន្លែង​ទី​ល្អ​នេះ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ថា «ចូរ​ឈរ​នៅ​ទី​នោះទៅ» ឬ​ថា «អង្គុយ​នៅ​ក្បែរ​ជើង​ខ្ញុំ​នេះ​ហើយ» នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​រាប់​អាន​មនុស្ស​ដោយ​រើស​មុខ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ត្រឡប់​ជា​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ? បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ? តែ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះទៅ​វិញ។ តើ​មិន​មែន​ជា​ពួក​អ្នក​មាន​ទេ​ឬ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ចូល​ទៅ​តុលាការ? តើ​មិន​មែន​ជា​ពួក​គេ​ទេ​ឬ ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ដ៏​ប្រសើរ ដែល​អ្នក​រាល់​គ្នាបាន​អំពាវ​នាវ​រក? ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» នោះ​អ្នកប្រព្រឹត្ត​បាន​ល្អ​ប្រសើរ​ហើយ។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​រើស​មុខ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ហើយ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​ដែរ។ ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។ ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។ ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។ ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។ បង‌ប្អូន​ខ្ញុំ​អើយ បើ​អ្នក​ណា​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​បែប​នោះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឬ? ប្រសិន‌បើ​មាន​បង‌ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​នៅ​អាក្រាត ហើយ​ខ្វះ​អាហារ​បរិ‌ភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពោល​ទៅ​អ្នក​នោះ​ថា «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្តៅ ហើយ​ឲ្យ​បាន​ឆ្អែត​ចុះ!» តែ​មិន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​កាយ​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី? រី​ឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ។ ប៉ុន្តែ អ្នក​ខ្លះ​នឹង​ពោល​ថា៖ «អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​វិញ​មាន​ការ​ប្រព្រឹត្ត» ដូច្នេះ ចូរ​អ្នក​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​ឥត​មាន​ការ​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ដែរ។ អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។ ឱ​មនុស្ស​កម្លៅ​អើយ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​ឥត​ប្រយោជន៍​ឬ​ទេ? ចុះ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត នៅ​ពេល​លោក​បាន​ថ្វាយ​អ៊ីសាក​ជា​កូន នៅ​លើ​អាសនា​ទេ​ឬ? អ្នក​ឃើញ​ហើយ​ថា ជំនឿ​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​គ្រប់​លក្ខណ៍។ យ៉ាង​នោះ​ក៏​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​បាន​រាប់​សេចក្តី​នោះ​ជា​សុចរិត​ដល់​លោក» ដូច្នេះ ព្រះ​ក៏​ហៅ​លោក​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ។ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត មិន​មែន​ដោយ​សារ​តែ​ជំនឿ​ប៉ុណ្ណោះ​ទេ។ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារអំពើ​ដែល​នាង​ប្រព្រឹត្ត​ទេ​ឬ? គឺ​នៅ​ពេល​ដែល​នាង​ទទួល​ពួក​អ្នក​នាំ​សារ ហើយ​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ដ្បិត​ដូច​ជា​រូប‌កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ដែល​ស្លាប់​យ៉ាង​ណា នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត ក៏​ស្លាប់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ បងប្អូន​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត* ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​យើង​ហើយ ដូច្នេះ សូម​កុំ​ប្រកាន់​វណ្ណៈ​ឲ្យ​សោះ។ ពេល​បងប្អូន​រួម​ប្រជុំ​គ្នា ឧបមា​ថា ម្នាក់​ចូល​មក​មាន​ពាក់​ចិញ្ចៀន​មាស និង​មាន​សម្លៀក‌បំពាក់​ភ្លឺ‌ផ្លេក ហើយ​ម្នាក់​ទៀត​ជា​អ្នក​ក្រ ស្លៀក​ពាក់​រហែក​រយ៉ី‌រយ៉ៃ​ចូល​មក​ដែរ ប្រសិន​បើ​បងប្អូន​រាក់‌ទាក់​ទទួល​អ្នក​ស្លៀក​ពាក់​ភ្លឺ‌ផ្លេក​នោះ ទាំង​ពោល​ថា «សូម​លោក​អញ្ជើញ​មក​អង្គុយ​នៅ​កន្លែង​កិត្តិយស​ឯ‌ណេះ!» ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រ​ថា «ទៅ​ឈរ​នៅ​កៀន​នោះ​ទៅ!» ឬ​ថា «មក​អង្គុយ​នៅ​ក្រោម​កន្លែង​ខ្ញុំ​ដាក់​ជើង​ឯ‌ណេះ!» តើ​មិន​បាន​សេចក្ដី​ថា បងប្អូន​រាប់​រក​មនុស្ស​ក្នុង​ចំណោម​បងប្អូន ដោយ​រើស​មុខ ហើយ​បងប្អូន​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​ស្ដាប់​ខ្ញុំ ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​ព្រះ‌រាជ្យ*​ដែល​ព្រះអង្គ​បាន​សន្យា​ថា​ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះអង្គ ទុក​ជា​មត៌ក។ រីឯ​បងប្អូន បងប្អូន​បែរ​ជា​បន្ថោក​អ្នក​ក្រ​ទៅ​វិញ! តើ​មិន​មែន​ពួក​អ្នក​មាន​ទេ​ឬ ដែល​បាន​ជិះ‌ជាន់​សង្កត់‌សង្កិន​បងប្អូន និង​អូស​ទាញ​បងប្អូន​យក​ទៅ​ឲ្យ​តុលា​ការ​កាត់​ទោស! តើ​អ្នក​ទាំង​នោះ​មិន​បាន​ប្រមាថ​មាក់​ងាយ​ព្រះ‌នាម​ដ៏​ប្រសើរ​បំផុត ដែល​ជា​ទី​ពឹង​របស់​បងប្អូន ​ទេ​ឬ!។ ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌រាជ្យ ស្រប​តាម​គម្ពីរ ពោល​គឺ «ត្រូវ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បងប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​នាំ​គ្នា​ប្រកាន់​វណ្ណៈ បាន​សេចក្ដី​ថា បងប្អូន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ក្រឹត្យ‌វិន័យ​ចាត់​ទុក​បងប្អូន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ដ្បិត​អ្នក​ណា​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ធ្វើ​ខុស​ត្រង់​ចំណុច​ណា​មួយ​ក៏​ដូច​ជា​ខុស​នឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ដែរ។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ហើយ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»។ ប្រសិន​បើ​អ្នក​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​សម្លាប់​គេ នោះ​បាន​សេចក្ដី​ថា អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ក្រឹត្យ‌វិន័យ​ហើយ។ បងប្អូន​ត្រូវ​និយាយ និង​ប្រព្រឹត្ត​ឲ្យ​ស្រប​នឹង​ក្រឹត្យ‌វិន័យ​ដែល​ផ្ដល់​សេរី‌ភាព គឺ​មាន​តែ​ក្រឹត្យ‌វិន័យ​នោះ​ហើយ​ដែល​នឹង​វិនិច្ឆ័យ​បងប្អូន ដ្បិត​អ្នក​ណា​គ្មាន​ចិត្ត​មេត្តា‌ករុណា ព្រះ‌ជាម្ចាស់​ក៏​នឹង​វិនិច្ឆ័យ​ទោស​អ្នក​នោះ ដោយ​ឥត​មេត្តា‌ករុណា​ដែរ។ អ្នក​មាន​ចិត្ត​មេត្តា‌ករុណា មិន​ខ្លាច​ព្រះអង្គ​វិនិច្ឆ័យ​ទោស​ឡើយ។ បងប្អូន​អើយ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​អំពើ​ល្អ​ទេ តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​នេះ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ការ​សង្គ្រោះ​បាន​ឬ? ប្រសិន​បើ​បងប្អូន​ប្រុស ឬ​ស្រី​ណា​ម្នាក់ គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​ខ្លួន និង​គ្មាន​ម្ហូប​អាហារ​បរិភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ពោល​ទៅ​គាត់​ថា «សូម​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត សូម​ឲ្យ​បាន​ក្ដៅ​ស្រួល សូម​បរិភោគ​ឲ្យ​ឆ្អែត!» តែ​មិន​ឲ្យ​អ្វីៗ​ដែល​គេ​ត្រូវ​ការ តើ​ពាក្យ​ទាំង​នេះ​មាន​ប្រយោជន៍​អ្វី? រីឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ទេ ជំនឿ​នោះ​ស្លាប់​តែ​ម្ដង!។ ប្រសិន​បើ​មាន​ម្នាក់​ពោល​ថា: អ្នក​ឯង​មាន​ជំនឿ រីឯ​ខ្ញុំ ខ្ញុំ​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​បង្ហាញ​ជំនឿ​របស់​អ្នក​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​ខ្ញុំ​មើល​មើល៍ នោះ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ជំនឿ​របស់​ខ្ញុំ ដោយ​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ អ្នក​ជឿ​ថា​ព្រះ‌ជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។ ឱ​មនុស្ស​ឥត​ប្រាជ្ញា​អើយ! ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជំនឿ​ឥត​បាន​ការ​អ្វី​ទាំង​អស់ តើ​អ្នក​ចង់​យល់​ទេ! លោក​អប្រាហាំ​ជា​បុព្វ​បុរស​របស់​យើង​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​លោក​ប្រព្រឹត្ត គឺ​លោក​បាន​យក​អ៊ីសាក​ជា​កូន​ទៅ​ដាក់​នៅ​លើ​អាសនៈ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា។ អ្នក​ឃើញ​ទេ ជំនឿ​របស់​លោក​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​ពេញ​លក្ខណៈ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «លោក​អប្រាហាំ​ជឿ​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះអង្គ​ប្រោស​លោក​ឲ្យ​សុចរិត* ដោយ​យល់​ដល់​ជំនឿ​នេះ» លោក​ក៏​មាន​ឈ្មោះ​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ដូច្នេះ បងប្អូន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត ដោយ‌សារ​អំពើ​ល្អ​ដែល​គេ​ប្រព្រឹត្ត គឺ​មិន​ត្រឹម​តែ​ដោយ‌សារ​ជំនឿ​ប៉ុណ្ណោះ​ទេ។ នាង​រ៉ាហាបជា​ស្ត្រី​ពេស្យា​ក៏​បាន​សុចរិត ដោយ‌សារ​អំពើ​ដែល​នាង​ប្រព្រឹត្ត​ដែរ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​នាំ​សារ ឲ្យ​ស្នាក់​នៅ ហើយ​ឲ្យ​គេ​ចាក​ចេញ​ទៅ​វិញ តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ រូប​កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ស្លាប់​យ៉ាង​ណា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន យ៉ាកុប 2

យ៉ាកុប 2:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

បង​ប្អូន​អើយ កុំ​ឲ្យ​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ដ៏​ឧត្តម​នៃ​យើង ដោយ​រើស​មុខ​អ្នក​ណា​ឡើយ ដ្បិត​បើ​សិន​ជា​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ជៀន​មាស​នឹង​សំលៀក‌បំពាក់​ដ៏​មាន​ដំឡៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក‌ពាក់​កក្វក់​ចូល​មក​ដែរ រួច​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក‌ពាក់​មាន​ដំឡៃ​នោះ ក៏​អញ្ជើញ​គេ​ថា សូម​អង្គុយ​នៅ​ទី​ល្អ​នេះ រួច​ប្រាប់​ទៅ​អ្នក​ក្រ​ថា ចូរ​ឈរ​នៅ​ទី​នុ៎ះ​ចុះ ឬ​អង្គុយ​នៅ​ទៀប​កំណល់​ជើង​ខ្ញុំ​នេះ​ដូច្នេះ នោះ​តើ​មិន​មែន​ឈ្មោះ​ថា បាន​យោគ‌យល់​នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​បាន​ត្រឡប់​ជា​អ្នក​រើស​មុខ ដែល​មាន​គំនិត​អាក្រក់​ទេ​ឬ​អី ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្ដី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី តែ​អ្នក​រាល់​គ្នា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះ​វិញ តើ​ពួក​អ្នក​មាន​មិន​សង្កត់‌សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ទៅ​នៅ​មុខ​ទី​ជំនុំ​ជំរះ​ទេ​ឬ​អី តើ​គេ​មិន​ប្រមាថ​ដល់​ព្រះ‌នាម​ល្អ ដែល​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា​ទេ​ឬ​អី បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រិត្យ‌វិន័យ​ដ៏​ប្រសើរ ដូច​មាន​បទ​គម្ពីរ​ថា «ចូរ​ឲ្យ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ជា​ខ្លួន​ឯង» នោះ​ឈ្មោះ​ថា​ប្រព្រឹត្ត​ល្អ​ហើយ តែ​បើ​អ្នក​រាល់​គ្នា​រើស​មុខ​គេ នោះ​មាន​បាប​វិញ ហើយ​ក្រិត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក ទុក​ដូច​ជា​បាន​ប្រព្រឹត្ត​រំលង​ដែរ ដ្បិត​អ្នក​ណា​ដែល​កាន់​ក្រិត្យ‌វិន័យ​ទាំង​មូល​តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​ទោស​ចំពោះ​ក្រិត្យ‌វិន័យ​ទាំង​មូល​នោះ​ហើយ ពី​ព្រោះ​ព្រះ​ដែល​មាន​បន្ទូល​ថា «កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ» ទ្រង់​ក៏​មាន​បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស»ដែរ ដូច្នេះ បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ទេ តែ​បាន​សំឡាប់​វិញ នោះ​ឈ្មោះ​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​រំលង​ក្រិត្យ‌វិន័យ​ហើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​និយាយ ព្រម​ទាំង​ប្រព្រឹត្ត​បែប​ដូច​ជា​ក្រិត្យ‌វិន័យ​នៃ​សេចក្ដី​សេរី‌ភាព រៀប​នឹង​ជំនុំ​ជំរះ​អ្នក​ហើយ​ចុះ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។ បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ ចុះ​បើ​មាន​បង​ប្អូន​ប្រុស​ស្រី​ណា​នៅ​អាក្រាត ព្រម​ទាំង​ខ្វះ​អាហារ​បរិភោគ​រាល់​តែ​ថ្ងៃ ហើយ​អ្នក​រាល់​គ្នា​ណា​មួយ​និយាយ​ទៅ​អ្នក​នោះ​ថា អញ្ជើញ​ទៅ​ឲ្យ​សុខ‌សាន្ត សូម​ឲ្យ​បាន​កក់‌ក្តៅ ហើយ​ឆ្អែត​ចុះ តែ​គ្មាន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​សាច់​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី ឯ​សេចក្ដី​ជំនឿ​ក៏​បែប​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ក៏​ស្លាប់​នៅ​តែ​ឯង តែ​អ្នក​ខ្លះ​នឹង​និយាយ​ថា អ្នក​មាន​សេចក្ដី​ជំនឿ ហើយ​ខ្ញុំ​មាន​ការ​ប្រព្រឹត្ត ដូច្នេះ ចូរ​អ្នក​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក ក្រៅ​ពី​ការ​ដែល​អ្នក​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​ខ្ញុំ ដោយ‌សារ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត​ដែរ អ្នក​ជឿ​ថា មាន​ព្រះ​តែ​១ នោះ​ត្រូវ​ហើយ ទោះ​ទាំង​ពួក​អារក្ស​ក៏​ជឿ​ដូច្នោះ ព្រម​ទាំង​ព្រឺ​ខ្លាច​ដែរ ឱ​មនុស្ស​កំឡៅ​អើយ អ្នក​ចង់​ដឹង​ពិត​ឬ​ទេ​ថា សេចក្ដី​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ចុះ​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​ការ​លោក​ប្រព្រឹត្ត ក្នុង​កាល​ដែល​លោក​បាន​ថ្វាយ​អ៊ីសាក ជា​កូន​លោក នៅ​លើ​អាសនា​ទេ​ឬ​អី ដូច្នេះ អ្នក​ឃើញ​ថា សេចក្ដី​ជំនឿ​បាន​រួម​ជា​មួយ​នឹង​ការ​ដែល​លោក​ប្រព្រឹត្ត ហើយ​សេចក្ដី​ជំនឿ​បាន​គ្រប់​លក្ខណ៍ ដោយ‌សារ​ការ​នោះ​ឯង នោះ​ទើប​បាន​សំរេច​បទ​គម្ពីរ ដែល​ថា «អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​សេចក្ដី​នោះ បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​លោក» ព្រះ​ក៏​ហៅ​លោក​ជា​សំឡាញ់​របស់​ទ្រង់​ដែរ ដូច្នេះ អ្នក​រាល់​គ្នា​ឃើញ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត មិន​មែន​ដោយ‌សារ​តែ​សេចក្ដី​ជំនឿ​ប៉ុណ្ណោះ​ទេ គឺ​ដោយ‌សារ​ការ​ប្រព្រឹត្ត​ដែរ ឯ​នាង​រ៉ាហាប ជា​ស្រី​សំផឹង ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ការ​នាង​ប្រព្រឹត្ត​ទេ​ឬ​អី គឺ​ក្នុង​កាល​ដែល​នាង​ទទួល​ពួក​អ្នក ដែល​គេ​ចាត់​មក​នោះ ហើយ​នាង​បាន​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​១​ទៀត ពី​ព្រោះ​សេចក្ដី​ជំនឿ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ ប្រៀប​ដូច​ជា​រូប‌កាយ បើ​ឥត​មាន​ព្រលឹង​វិញ្ញាណ​ទេ នោះ​ក៏​ស្លាប់​ហើយ​ដែរ។

ចែក​រំលែក
អាន យ៉ាកុប 2

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ