យ៉ាកុប 2:1-26

យ៉ាកុប 2:1-26 គកស១៦

បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សម្លៀក​បំពាក់​ដ៏​មាន​តម្លៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់ដ៏​មាន​តម្លៃ​នោះ ហើយ​ពោល​ថា «សូមអញ្ជើញ​អង្គុយ​នៅ​កន្លែង​ទី​ល្អ​នេះ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ថា «ចូរ​ឈរ​នៅ​ទី​នោះទៅ» ឬ​ថា «អង្គុយ​នៅ​ក្បែរ​ជើង​ខ្ញុំ​នេះ​ហើយ» នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​រាប់​អាន​មនុស្ស​ដោយ​រើស​មុខ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ត្រឡប់​ជា​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ? បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ស្តាប់​ចុះ តើ​ព្រះ​មិន​បាន​រើស​អ្នក​ក្រក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​ទទួល​មត៌ក​ក្នុង​ព្រះរាជ្យ ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ​ទេ​ឬ? តែ​អ្នក​រាល់​គ្នា​បែរ​ជា​បន្តុះ​បង្អាប់​អ្នក​ក្រ​នោះទៅ​វិញ។ តើ​មិន​មែន​ជា​ពួក​អ្នក​មាន​ទេ​ឬ ដែល​សង្កត់​សង្កិន ហើយ​អូស​អ្នក​រាល់​គ្នា​ចូល​ទៅ​តុលាការ? តើ​មិន​មែន​ជា​ពួក​គេ​ទេ​ឬ ដែល​ប្រមាថ​ដល់​ព្រះ‌នាម​ដ៏​ប្រសើរ ដែល​អ្នក​រាល់​គ្នាបាន​អំពាវ​នាវ​រក? ប្រសិន‌បើ​អ្នក​រាល់​គ្នា​កាន់​តាម​ក្រឹត្យ‌វិន័យ ដូច​មាន​ចែង​ក្នុង​បទ​គម្ពីរ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង» នោះ​អ្នកប្រព្រឹត្ត​បាន​ល្អ​ប្រសើរ​ហើយ។ ប៉ុន្ដែ ប្រសិន​បើ​អ្នក​រាល់​គ្នា​រើស​មុខ នោះ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ហើយ ហើយ​ក្រឹត្យ‌វិន័យ​ក៏​កាត់​ទោស​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​ប្រព្រឹត្ត​អំពើ​រំលង​ដែរ។ ដ្បិត​អ្នក​ណា​ដែល​កាន់តាម​ក្រឹត្យ‌វិន័យ​ទាំង​មូល តែ​ភ្លាត់​ជំពប់​នឹង​បទ​ណា​មួយ នោះ​ក៏​ត្រឡប់​ជា​មាន​កំហុសនឹង​ក្រឹត្យ‌វិន័យ​ទាំង​មូល​ហើយ។ ព្រោះ​ព្រះ​អង្គ​ដែល​មាន​ព្រះ‌បន្ទូល​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់» ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា «កុំ​សម្លាប់​មនុស្ស»ដែរ។ ប្រសិន​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ទេ តែ​បាន​សម្លាប់​មនុស្ស​វិញ នោះ​ឈ្មោះ​ថា អ្នក​បាន​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ហើយ។ ដូច្នេះ ត្រូវ​និយាយ និង​ប្រព្រឹត្តទុក​ដូច​ជា​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ នៅ​ក្រោម​ក្រឹត្យ​វិន័យ​នៃ​សេរីភាព​ចុះ។ ព្រោះ​អ្នក​ណា​ដែល​គ្មាន​ចិត្ត​មេត្តា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ឥត​មេត្តា​ដែរ ដ្បិត​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​ការ​ជំនុំ​ជម្រះ។ បង‌ប្អូន​ខ្ញុំ​អើយ បើ​អ្នក​ណា​ពោល​ថា​ខ្លួន​មាន​ជំនឿ តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី? តើ​ជំនឿ​បែប​នោះ​អាច​សង្គ្រោះ​អ្នក​នោះ​បាន​ឬ? ប្រសិន‌បើ​មាន​បង‌ប្អូន​ប្រុស​ស្រី​ណា​ម្នាក់​នៅ​អាក្រាត ហើយ​ខ្វះ​អាហារ​បរិ‌ភោគ​រាល់​ថ្ងៃ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពោល​ទៅ​អ្នក​នោះ​ថា «សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ​សាន្ត សូម​ឲ្យ​បាន​កក់​ក្តៅ ហើយ​ឲ្យ​បាន​ឆ្អែត​ចុះ!» តែ​មិន​ឲ្យ​អ្វី​ដល់​អ្នក​ដែល​ត្រូវ​ការ​ខាង​រូប​កាយ​នោះ​សោះ នោះ​តើ​មាន​ប្រយោជន៍​អ្វី? រី​ឯ​ជំនឿ​វិញ​ក៏​ដូច្នោះ​ដែរ បើ​គ្មាន​ការ​ប្រព្រឹត្ត​តាម​ទេ នោះ​ឈ្មោះ​ថា​ស្លាប់​ហើយ។ ប៉ុន្តែ អ្នក​ខ្លះ​នឹង​ពោល​ថា៖ «អ្នក​ឯង​មាន​ជំនឿ រី​ឯ​ខ្ញុំ​វិញ​មាន​ការ​ប្រព្រឹត្ត» ដូច្នេះ ចូរ​អ្នក​បង្ហាញ​ជំនឿ​របស់​អ្នក ដោយ​ឥត​មាន​ការ​ប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះ​ខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់​ខ្ញុំ ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​ដែរ។ អ្នក​ជឿ​ថា​មាន​ព្រះ​តែ​មួយ នោះ​ត្រូវ​ហើយ សូម្បី​តែ​ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ព្រម​ទាំង​ព្រឺ​ខ្លាច​ទៀត​ផង។ ឱ​មនុស្ស​កម្លៅ​អើយ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​ថា ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត នោះ​ឥត​ប្រយោជន៍​ឬ​ទេ? ចុះ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង តើ​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត នៅ​ពេល​លោក​បាន​ថ្វាយ​អ៊ីសាក​ជា​កូន នៅ​លើ​អាសនា​ទេ​ឬ? អ្នក​ឃើញ​ហើយ​ថា ជំនឿ​បាន​រួម​ជា​មួយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ហើយ​អំពើ​ដែល​លោក​ប្រព្រឹត្ត ធ្វើ​ឲ្យ​ជំនឿ​បាន​គ្រប់​លក្ខណ៍។ យ៉ាង​នោះ​ក៏​សម្រេច​តាម​បទ​គម្ពីរ​ដែល​ចែង​ថា៖ «លោក​អ័ប្រា‌ហាំ​បាន​ជឿ​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​បាន​រាប់​សេចក្តី​នោះ​ជា​សុចរិត​ដល់​លោក» ដូច្នេះ ព្រះ​ក៏​ហៅ​លោក​ថា​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌អង្គ។ អ្នក​រាល់​គ្នា​ឃើញ​ហើយ​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ការ​ប្រព្រឹត្ត មិន​មែន​ដោយ​សារ​តែ​ជំនឿ​ប៉ុណ្ណោះ​ទេ។ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារអំពើ​ដែល​នាង​ប្រព្រឹត្ត​ទេ​ឬ? គឺ​នៅ​ពេល​ដែល​នាង​ទទួល​ពួក​អ្នក​នាំ​សារ ហើយ​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។ ដ្បិត​ដូច​ជា​រូប‌កាយ​ដែល​គ្មាន​វិញ្ញាណ ជា​រូប​កាយ​ដែល​ស្លាប់​យ៉ាង​ណា នោះ​ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត ក៏​ស្លាប់​យ៉ាង​នោះ​ដែរ។

អាន យ៉ាកុប 2

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 2:1-26