អេសាយ 58:6-12
អេសាយ 58:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ការតមអាហារដែលគាប់ចិត្តយើង គឺត្រូវដោះលែងអ្នកទោស ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។ ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ក៏ស្ថិតនៅពីក្រោយអ្នកដែរ។ ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។ បើអ្នកស្រែកហៅព្រះអង្គ នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា “យើងមកហើយ!”។ ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង ឈប់ចោទមួលបង្កាច់គេ ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន យកទៅឲ្យអ្នកដែលស្រេកឃ្លាន ប្រសិនបើអ្នកយកម្ហូបអាហារ ទៅចម្អែតមនុស្សទុគ៌ត នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ ដូចពន្លឺថ្ងៃត្រង់ដែរ។ ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នក និងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។ អ្នកនឹងប្រៀបដូចជាសួនច្បារ ដែលសម្បូណ៌ទៅដោយទឹក ឬដូចជាប្រភពទឹកដែលមិនចេះរីង។ អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ ពីបុរាណកាល។ គេនឹងដាក់ឈ្មោះអ្នកថា “អ្នកជួសជុលកំពែងធ្លុះធ្លាយ អ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅ ក្នុងក្រុងឡើងវិញ”។
អេសាយ 58:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលយើងពេញចិត្តទេឬ គឺឲ្យដោះច្រវាក់ ដែលអ្នកដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលអ្នកបានចងគេ ហើយឲ្យអ្នកដែលអ្នកបានសង្កត់សង្កិន បានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ? ពេលនោះ ទើបពន្លឺរបស់អ្នក នឹងលេចមកដូចជាអរុណរស្មី ហើយសេចក្ដីសុខស្រួលរបស់អ្នក នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់អ្នក នឹងនាំមុខអ្នក ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារអ្នក។ គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់ ហើយបើអ្នកផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចម្អែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់អ្នកនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់អ្នកនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងអ្នកនៅក្នុងទីហួតហែង ព្រះអង្គនឹងធ្វើឲ្យឆ្អឹងអ្នកបានមាំមួន អ្នកនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ។ ហើយពួកអ្នកដែលនឹងកើតពីអ្នកមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី អ្នកនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនតំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។
អេសាយ 58:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង តើមិនមែនឲ្យឯងបានចែកអាហារដល់អ្នកដែលឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះឯងទេឬអី ឬបើកាលណាឯងឃើញមនុស្សឥតមានសំលៀកបំពាក់ នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេ ឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី យ៉ាងនោះ ទើបពន្លឺរបស់ឯង នឹងលេចមក ដូចជារស្មីអរុណ ហើយសេចក្ដីសុខស្រួលរបស់ឯង នឹងលេចឡើងជាយ៉ាងឆាប់ ឯសេចក្ដីសុចរិតរបស់ឯង នោះនឹងនាំមុខឯង ហើយសិរីល្អនៃព្រះយេហូវ៉ានឹងការពារពីក្រោយឯង គ្រានេះ បើឯងអំពាវនាវ ព្រះយេហូវ៉ាទ្រង់នឹងតបឆ្លើយ បើឯងស្រែករក នោះទ្រង់នឹងមានបន្ទូលថា អញនៅឯណេះហើយ គឺបើឯងចោលនឹមរបស់ឯងចេញ លែងជន្លកំហែង ព្រមទាំងលែងពោល ដោយកាចអាក្រក់ផង ហើយបើឯងផ្តល់សេចក្ដីសប្បុរស ដល់មនុស្សស្រេកឃ្លាន ទាំងចំអែតចិត្តនៃអ្នកដែលមានទុក្ខវេទនា នោះពន្លឺរបស់ឯងនឹងភ្លឺឡើងក្នុងទីងងឹត ហើយសេចក្ដីងងឹតរបស់ឯងនឹងបានភ្លឺ ដូចជាវេលាថ្ងៃត្រង់ ព្រះយេហូវ៉ាទ្រង់នឹងនាំផ្លូវឯងជានិច្ច ហើយនឹងចំអែតព្រលឹងឯងនៅក្នុងទីហួតហែង ទ្រង់នឹងធ្វើឲ្យឆ្អឹងឯងបានមាំមួន ឯងនឹងបានដូចជាសួនច្បារដែលគេស្រោចទឹក ហើយដូចជាក្បាលទឹកដែលមិនខានហូរឡើយ ហើយពួកអ្នកដែលនឹងកើតពីឯងមក គេនឹងសង់ទីចាស់ដែលខូចបង់ឡើងជាថ្មី ឯងនឹងសង់ឡើងលើជើងជញ្ជាំង ដែលមាននៅតាំងពីច្រើនដំណតមកហើយ ក៏នឹងមានឈ្មោះថា ជាអ្នកជួសជុលទីបាក់បែក គឺជាអ្នកដែលរៀបចំផ្លូវទៅឯទីលំនៅឡើងវិញ។