អេសាយ 56:6-8

អេសាយ 56:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ព្រះ‌អង្គ ហើយ​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង។ នោះ​យើង​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​យើង ដែល​សម្រាប់​ជា​ទី​អធិ‌ស្ឋាន យើង​នឹង​ទទួល​អស់​ទាំង​តង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​យើង​ត្រូវ​ហៅ​ថា ជា​ទី​អធិ‌ស្ឋាន​សម្រាប់​គ្រប់​ទាំង​សាសន៍។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​ប្រមូល​អស់​អ្នកដែល​ត្រូវ​គេ​បោះ​បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល យើង​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា‌មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល ដែល​បាន​ប្រមូល​ហើយ។

ចែក​រំលែក
អាន អេសាយ 56

អេសាយ 56:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ថ្វាយ​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋាន យើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មក ថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។ ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។

ចែក​រំលែក
អាន អេសាយ 56

អេសាយ 56:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ដើម្បី​ធ្វើ​ការ‌ងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាសនា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍ ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ហើយ។

ចែក​រំលែក
អាន អេសាយ 56