អេសាយ 53:4-9

អេសាយ 53:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទម្លាក់​អំពើ​ទុច្ចរិត របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ព្រះ‌អង្គ។ ព្រះ‌អង្គ​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ព្រះ‌អង្គ​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សម្លាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ព្រះ‌អង្គ​ក៏​មិន​បាន​ហើប​ព្រះ‌ឧស្ឋ​សោះ។ ព្រះ‌អង្គ​ត្រូវ​ដក​ចេញ​ពី​អំណាច​ការពារ និង​ពី​សេចក្ដី​យុត្តិ‌ធម៌ តើ​មាន​អ្នក​ណា​រំពឹង​គិត​ពង្សាវតារ​របស់​ព្រះ‌អង្គ? ព្រះ‌អង្គ​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់ ហើយ​ត្រូវ​គេ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន​ជាតិ​ខ្ញុំ។ គេ​ធ្វើ​កន្លែង​បញ្ចុះ​សាក​សព​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​មនុស្ស​អាក្រក់ ហើយ​ផ្នូរ​របស់​ព្រះ‌អង្គ នៅ​ជា‌មួយ​ពួក​អ្នក​មាន ទោះ​បី​ព្រះ‌អង្គ​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ណា ឬ​បោក​បញ្ឆោត​អ្នក​ណា​នៅ​ក្នុង​ព្រះ‌ឧស្ឋ របស់​ព្រះ‌អង្គ​ក៏​ដោយ។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

តាម​ពិត លោក​បាន​រង​ទុក្ខ​វេទនា​ជំនួស​យើង លោក​ទទួល​យក​ការ​ឈឺ​ចាប់​របស់​យើង មក​ដាក់​លើ​ខ្លួន​លោក។ រីឯ​យើង​វិញ យើង​ស្មាន​ថា ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​លោក ព្រះអង្គ​បាន​វាយ និង​បន្ទាប​បន្ថោក​លោក។ ប៉ុន្តែ លោក​ត្រូវ​គេ​ចាក់​ទម្លុះ ព្រោះ​តែ​ការ​បះ‌បោរ​របស់​យើង លោក​ត្រូវ​គេ​ជាន់​ឈ្លី ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​យើង លោក​បាន​រង​ទារុណ‌កម្ម ដើម្បី​ឲ្យ​យើង​ទទួល​សេចក្ដី​សុខ‌សាន្ត ហើយ​ដោយ‌សារ​ស្នាម​របួស​របស់​លោក យើង​ក៏​បាន​ជា​សះ‌ស្បើយ។ កាល​ពី​មុន យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​វង្វេង ដូច​ចៀម​ដែល​បែក​ចេញ​ពី​ហ្វូង ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ផ្ទាល់ តែ​ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ លោក​ត្រូវ​គេ​ធ្វើ​ទារុណ‌កម្ម លោក​បន្ទាប​ខ្លួន មិន​ហើប​មាត់​ទាល់​តែ​សោះ ដូច​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​ទី​ពិឃាត ឬ​ដូច​ចៀម​ឈរ​ស្ងៀម​នៅ​មុខ​អ្នក​កាត់​រោម លោក​មិន​បាន​ហើប​មាត់​ទាល់​តែ​សោះ។ គេ​ចាប់​លោក​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​រវី‌រវល់​យក​ចិត្ត​ទុក​ដាក់ នឹង​ពូជ‌ពង្ស​របស់​លោក​ឡើយ។ គេ​បាន​ដក​លោក​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ លោក​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​លោក។ ទោះ​បី​លោក​មិន​ដែល​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ឬ​និយាយ​បោក​បញ្ឆោត​នរណា​ក្ដី ក៏​គេ​បញ្ចុះ​សព​លោក​ក្នុង​ចំណោម​មនុស្ស​ពាល និង​ក្នុង​ផ្នូរ​របស់​អ្នក​មាន។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ‌ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ជា​ពិត ប៉ុន្តែយើង​រាល់​គ្នា​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ‌ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់ យើង​ទាំង​អស់​គ្នា​បាន​ទាស​ចេញ​ដូច​ជា​ចៀម គឺ​យើង​បាន​បែរ​ចេញ​ទៅ​តាម​ផ្លូវ​យើង​រៀង​ខ្លួន ហើយ​ព្រះ‌យេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។ ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការ‌ពារ ហើយ​ពី​សេចក្ដី​យុត្តិ‌ធម៌ ឯ​សម័យ​ជំនាន់​ទ្រង់ តើ​មាន​អ្នក​ណា​រំពឹង​គិត​ឃើញ​ថា ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​នេះ ហើយ​ត្រូវ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន‌ជាតិ​ខ្ញុំ​នោះ ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ​ផង។

ចែក​រំលែក
អាន អេសាយ 53

អេសាយ 53:4-9

អេសាយ 53:4-9 គខបអេសាយ 53:4-9 គខប