អេសាយ 50:7-10

អេសាយ 50:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​យេហូវ៉ា​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ ខ្ញុំ​បាន​រក្សា​ទឹក​មុខ​រឹង​មាំ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ព្រះ‌អង្គ​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត? ចូរ​យើង​ឈរ​ឡើង​ជា‌មួយ​គ្នា តើ​អ្នក​ណា​ដែល​ទំនាស់​នឹង​ខ្ញុំ? ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ។ មើល៍ ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន? គេ​ទាំង​អស់​គ្នា​នឹង​ចាស់​ទៅ​ដូច​ជា​សម្លៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។ ក្នុង​ពួក​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បម្រើ​ព្រះ‌អង្គ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ។

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​បាក់​មុខ ខ្ញុំ​រក្សា​ទឹក​មុខ​រឹង‌ប៉ឹង ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​ឡើយ។ ព្រះអង្គ​ដែល​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​គង់​នៅ​ក្បែរ​ខ្ញុំ តើ​នរណា​ចង់​ប្ដឹង​ខ្ញុំ? សុំ​អញ្ជើញ​មក យើង​ទៅ​តុលាការ​ជា​មួយ​គ្នា! តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ សុំ​អញ្ជើញ​មក​ជួប​ខ្ញុំ​ចុះ! មែន​ហើយ! ព្រះ‌ជា‌អម្ចាស់​យាង​មក​ជួយ​ខ្ញុំ តើ​នរណា​អាច​ផ្ដន្ទា​ទោស​ខ្ញុំ? ពួក​អ្នក​ដែល​ជំទាស់​នឹង​ខ្ញុំ​មុខ​ជា​ត្រូវ​ហិន‌ហោច ដូច​សម្លៀក‌បំពាក់​ដែល​ត្រូវ​កណ្ដៀរ​ស៊ី។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ព្រះអង្គ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ‌នាម​ព្រះ‌អម្ចាស់ និង​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ចុះ!

ចែក​រំលែក
អាន អេសាយ 50

អេសាយ 50:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ ហេតុ​នោះ​បាន​ជា​ខ្ញុំ​មិន​ត្រូវ​ជ្រប់​មុខ ហើយ​ដោយ​ហេតុ​នោះ​ខ្ញុំ​បាន​កាត់​ចិត្ត​ឲ្យ​រឹង​ដូច​ថ្ម​ដែក​ភ្លើង​ហើយ ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​ត្រូវ​ខ្មាស​ឡើយ ព្រះ​ដែល​តាំង​ខ្ញុំ​ជា​សុចរិត ទ្រង់​គង់​នៅ​ជិត តើ​អ្នក​ណា​នឹង​តវ៉ា​ចំពោះ​ខ្ញុំ​ទៀត ចូរ​យើង​ឈរ​ឡើង​ជា​មួយ​គ្នា តើ​អ្នក​ណា​ដែល​ជា​ទំនាស់​នឹង​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​ចូល​មក​ជិត​ខ្ញុំ​ចុះ មើល ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ជួយ​ខ្ញុំ តើ​អ្នក​ណា​នឹង​ពោល​ទោស​ខ្ញុំ​បាន មើល គេ​នឹង​ចាស់​ទៅ​ទាំង​អស់​គ្នា ដូច​ជា​សំលៀក‌បំពាក់ ហើយ​កន្លាត​នឹង​កាត់​គេ​អស់​ទៅ។ ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដែល​ស្តាប់​តាម​សំឡេង​របស់​អ្នក​បំរើ​ទ្រង់ ឯ​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត ឥត​មាន​ពន្លឺ​សោះ ត្រូវ​ឲ្យ​អ្នក​នោះ​ទុក​ចិត្ត​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ហើយ​ផ្អែក​ទៅ​លើ​ព្រះ​នៃ​ខ្លួន​ចុះ

ចែក​រំលែក
អាន អេសាយ 50