អេសាយ 43:16-21

អេសាយ 43:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​ដែល​បាន​ញែក​សមុទ្រ​ធ្វើ​ផ្លូវ​មួយ គឺ​ធ្វើ​ផ្លូវ​តូច​នៅ​កណ្ដាល​មហា​សាគរ ព្រះអង្គ​ដែល​បាន​ប្រមូល​កង‌ទ័ព មាន​រទេះ​ចម្បាំង កង‌ពល​សេះ ព្រម​ទាំង​ទាហាន​ដ៏​អង់‌អាច ព្រះអង្គ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​បរា‌ជ័យ ក្រោក​ពុំ​រួច គឺ​ពួក​គេ​រលត់​ទៅ ដូច​ចង្កៀង​អស់​ប្រេង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។ បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។ សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។

ចែក​រំលែក
អាន អេសាយ 43

អេសាយ 43:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ នឹង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ ជា​ព្រះ​ដែល​នាំ​រទេះ​ចំបាំង នឹង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព នឹង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​បន្ទូល​ថា កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ឯ​ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​អញ គឺ​ទាំង​ចចក នឹង​សត្វ​អូសទ្រីច​ផង ពី​ព្រោះ​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន នឹង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​រាស្ត្រ​ដែល​អញ​បាន​ជប‌សូន​សំរាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង។

ចែក​រំលែក
អាន អេសាយ 43

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ