អេសាយ 42:1-25

អេសាយ 42:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​នែ​អ្នក​បម្រើ​របស់​យើង ដែល​យើង​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​យើង ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​យើង យើង​បាន​ដាក់​វិញ្ញាណ​យើង​ឲ្យ​សណ្ឋិត​លើ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​សម្ដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌។ ព្រះ‌អង្គ​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ ព្រះ‌អង្គ​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សម្ដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត ព្រះ‌អង្គ​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម ដល់​ក្រឹត្យ‌ក្រម​របស់​ព្រះ‌អង្គ។ ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​នេះ​គឺ​ជា​យេហូវ៉ា យើង​បាន​ហៅ​អ្នក​មក ដោយ​សេចក្ដី​សុចរិត យើង​នឹង​កាន់​ដៃ​អ្នក ហើយ​រក្សា​អ្នក យើង​ប្រទាន​និមិត្តរូប​មួយ​ដល់​អ្នក ទុក​ជា​សេចក្ដី​សញ្ញា​សម្រាប់​ប្រជា​ជន ជា​ពន្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង និង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។ មើល៍ ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ ហើយ​ការ​ថ្មី​ដែល​យើង​ថ្លែង​ប្រាប់​នេះ យើង​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា មុន​ដែល​កើត​មក​ផង។ អ្នក​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ និង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះអើយ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សរសើរតម្កើង​ព្រះ‌អង្គ​ពី​ចុង​ផែនដី​ចុះ។ ឯ​ទី​រហោ‌ស្ថាន និង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្ដា​ភូមិ ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ។ ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិ‌សព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ ដល់​អស់​ទាំង​កោះ។ ព្រះ‌យេហូវ៉ា​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ព្រះ‌អង្គ​នឹង​បណ្ដាល​សេចក្ដី​ឧស្សាហ៍​ឡើង ដូច​ជា​មនុស្ស​ថ្នឹក​ចម្បាំង ព្រះ‌អង្គ​នឹង​ស្រែក​ឡើង ព្រះ‌អង្គ​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។ យើង​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ យើង​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ យើង​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី ដែល​ឈឺ​នឹង​សម្រាល​កូន យើង​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទម្លាយ​ចេញ​តែ​ម្តង។ យើង​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ក្លាយ​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក។ យើង​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​មួយ​ដែល​គេ​មិន​ស្គាល់ យើង​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​យើង​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ។ ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ។ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បម្រើ​របស់​យើង ឬ​ថ្លង់​ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​យើង​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​យើង ហើយ​ខ្វាក់​ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា? អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។ ព្រះ‌យេហូវ៉ាបាន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​លើក​តម្កើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិ‌សព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ប៉ុន្តែ នេះ​ជា​សាសន៍​ដែល​ត្រូវ​គេ​ប្លន់ ហើយរឹប​យក​ទ្រព្យ​សម្បត្តិ គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សម្រាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សម្រាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។ តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សម្រាប់​គ្រា​ទៅ​ខាង​មុខ​នោះ? តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​គេរឹប​អូស ហើយ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ពួក​ចោរ​ដូច្នេះ? តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌អង្គ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ព្រះ‌អង្គ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ? ហេតុ​នោះ​បាន​ជា​ព្រះ‌អង្គ​ចាក់​ភ្លើង នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ និង​អំណាច​នៃ​សង្គ្រាម​ផង ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំ‌វិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: លោក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​វិញ្ញាណ​របស់​យើង​លើ​លោក។ លោក​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​ការ​វិនិច្ឆ័យ។ លោក​មិន​ស្រែក ឬ​គំហក​កំហែង ដាក់​នរណា​ឡើយ ហើយ​ក៏​មិន​បន្លឺ​សំឡេង​នៅ​តាម​ផ្លូវ​ដែរ។ លោក​នឹង​មិន​កាច់​ផ្ដាច់​ដើម​ត្រែង​ណា ដែល​ទក់​ហើយ​នោះ​ទេ ហើយ​លោក​ក៏​មិន​ផ្លុំ​ពន្លត់​ភ្លើង ដែល​ហៀប​នឹង​រលត់​នោះ​ដែរ លោក​នឹង​នាំ​មក​នូវ​ការ​វិនិច្ឆ័យ​ពិត​មែន! លោក​នឹង​មិន​ទន់​ខ្សោយ​ឡើយ លោក​អង់‌អាច​ជានិច្ច រហូត​ទាល់​តែ​ធ្វើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ នៅ​លើ​ផែនដី ហើយ​មនុស្ស​នៅ​តាម​កោះ​នានា​នាំ​គ្នា រង់‌ចាំ​ទទួល​វិន័យ​ពី​លោក។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​ផ្ទៃ​មេឃ ព្រះអង្គ​បាន​សន្ធឹង​ផែនដី និង​ធ្វើ​ឲ្យ​អ្វីៗ ទាំង​អស់​កកើត​ឡើង។ ព្រះអង្គ​បាន​ប្រទាន​ដង្ហើម​ចេញ​ចូល​ឲ្យ សត្វ​លោក​ទាំង‌ឡាយ​នៅ​លើ​ផែនដី ហើយ​ប្រទាន​ជីវិត​ឲ្យ​អស់​អ្នក​ដែល ចរ‌យាត្រា​នៅ​លើ​ផែនដី​នេះ។ យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់! យើង​បាន​ហៅ​អ្នក​មក ស្រប​តាម​សេចក្ដី​សុចរិត​របស់​យើង។ យើង​កាន់​ដៃ​អ្នក យើង​ទុក​អ្នក​ដោយ​ឡែក ហើយ​តែង‌តាំង​អ្នក​ជា​សម្ពន្ធ‌មេត្រី សម្រាប់​ប្រជា‌ជន ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​ដល់​ប្រជា‌ជាតិ​នានា ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ នាំ​ជន​ជាប់​ជា​ឈ្លើយ​សឹក​ចេញ​ពី​ទី​ឃុំ‌ឃាំង ព្រម​ទាំង​រំដោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង ភាព​ងងឹត ឲ្យ​បាន​ចេញ​រួច​ផង។ យើង​មាន​នាម​ថា ព្រះ‌អម្ចាស់ យើង​មិន​ប្រគល់​សិរី‌រុងរឿង​របស់​យើង ទៅ​ឲ្យ​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! យើង​ក៏​មិន​ឲ្យ​ព្រះ​ក្លែង‌ក្លាយ​ណា ទទួល​ការ​សរសើរ​តម្កើង​ជំនួស​យើង​ដែរ! មើល​ចុះ! ហេតុ‌ការណ៍​ផ្សេងៗ​ដែល​កើត​មាន នៅ​គ្រា​ដំបូង បាន​សម្រេច​ជា​រូប​រាង​អស់​ហើយ យើង​ក៏​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​ហេតុ‌ការណ៍​ឯ​ទៀតៗ​ដែល​នឹង​កើត​មាន គឺ​យើង​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​មុន ហេតុ‌ការណ៍​ទាំង​នោះ​កកើត​ជា​រូប​រាង។ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ក្នុង​សមុទ្រ កោះ​ទាំង‌ឡាយ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​តាម​កោះ​អើយ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌អម្ចាស់ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! អស់​អ្នក​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន និង​តាម​ភូមិ​នានា​ក្នុង​វាល​រហោ‌ស្ថាន​អើយ ចូរ​នាំ​គ្នា​បន្លឺ​សំឡេង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​ភូមិ​របស់​កុល‌សម្ព័ន្ធ​កេដារ និង​អ្នក​ក្រុង​សេឡា​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​រំពង​ឡើង! អស់​អ្នក​ដែល​រស់​នៅ​តាម​កំពូល​ភ្នំ​អើយ ចូរ​នាំ​គ្នា​ស្រែក​អបអរ‌សាទរ! ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​សរសើរ​តម្កើង​ព្រះអង្គ នៅ​តាម​កោះ​ទាំង‌ឡាយ! ព្រះ‌អម្ចាស់​ស្រឡាញ់​ប្រជា‌ជន របស់​ព្រះអង្គ​យ៉ាង​ខ្លាំង ព្រះអង្គ​យាង​ចេញ​ទៅ​ដូច​វីរ‌ជន ដូច​អ្នក​ចម្បាំង​ដ៏​ចំណាន ព្រះអង្គ​បន្លឺ​ព្រះ​សូរសៀង ស្រែក​កម្លា ហើយ​យក​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នៅ​ស្ងៀម​តាំង​ពី​យូរ​ណាស់​មក​ហើយ យើង​នៅ​សម្ងំ យើង​ខំ​ទប់​ចិត្ត ឥឡូវ​នេះ យើង​ស្រែក​ដង្ហក់ ដូច​ស្ត្រី​ស្រែក​ថ្ងូរ នៅ​ពេល​សម្រាល​កូន! យើង​នឹង​កម្ទេច​ទាំង​ភ្នំ​ធំ ទាំង​ភ្នំ​តូច យើង​នឹង​ធ្វើ​ឲ្យ​រុក្ខ‌ជាតិ​ក្រៀម​ស្វិត យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ក្លាយ​ទៅ​ជា​ដី​គោក ហើយ​ឲ្យ​បឹង‌បួ​រីង​ហួត‌ហែង។ យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត ឲ្យ​ទៅ​ជា​ពន្លឺ​នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប ប្រែ​ទៅ​ជា​ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។ រីឯ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ ហើយ​ហៅ​រូប​បដិមា​ថា​ជា​ព្រះ​របស់​ខ្លួន មុខ​ជា​ដក​ខ្លួន​ថយ និង​ត្រូវ​អាម៉ាស់។ មនុស្ស​ថ្លង់​អើយ ចូរ​ស្ដាប់​ឮ​ឡើង! មនុស្ស​ខ្វាក់​អើយ ចូរ​បើក​ភ្នែក ហើយ​មើល​ឃើញ​ទៅ! តើ​នរណា​ជា​មនុស្ស​ខ្វាក់ គឺ​អ្នក​បម្រើ​របស់​យើង តើ​នរណា​ថ្លង់​ដូច​អ្នក​នាំ​ពាក្យ ដែល​យើង​ចាត់​ឲ្យ​មក? តើ​នរណា​ខ្វាក់​ដូច​អ្នក​ដែល​យើង ស្រោច​ស្រង់​ឡើង​វិញ គឺ​ខ្វាក់​ដូច​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់? អ្នក​បាន​ឃើញ​ហេតុ‌ការណ៍​ជា​ច្រើន តែ​អ្នក​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​ចង​ចាំ​ទេ អ្នក​ផ្ទៀង​ត្រចៀក​ស្ដាប់ តែ​ពុំ​ឮ​អ្វី​សោះ​ឡើយ។ ដោយ​ព្រះ‌អម្ចាស់​សុចរិត ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​របស់ ព្រះអង្គ​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​នោះ​ត្រូវ​គេ​ប្លន់ ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ត្រូវ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់ ហើយ​ត្រូវ​គេ​ឃុំ‌ឃាំង​ទាំង​អស់​គ្នា។ ខ្មាំង​សត្រូវ​បាន​ប្លន់​ពួក​គេ តែ​គ្មាន​នរណា​រំដោះ​ពួក​គេ​ឡើយ ខ្មាំង​សត្រូវ​បាន​រឹប​អូស​យក​សម្បត្តិ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​ទាម‌ទារ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​វិញ​ដែរ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​នរណា ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ទាំង​នេះ? ទៅ​អនាគត តើ​មាន​នរណា យក​ចិត្ត​ទុក​ដាក់​ស្ដាប់? តើ​នរណា​បាន​ប្រគល់​ពូជ‌ពង្ស​លោក​យ៉ាកុប ទៅ​ឲ្យ​ខ្មាំង​រឹប​អូស? តើ​នរណា​បាន​ប្រគល់​កូន​ចៅ​អ៊ីស្រា‌អែល ទៅ​ឲ្យ​ខ្មាំង​ប្លន់​ដូច្នេះ? គឺ​ព្រះ‌អម្ចាស់​ដែល​ធ្វើ​ដូច្នេះ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ យើង​ខ្ញុំ​មិន​ព្រម​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ហើយ​មិន​ព្រម​ស្ដាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​ផ្ទុះ​ឡើង ឆេះ​រាល‌ដាល​គ្រប់​ទិស‌ទី។ ប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​ពុំ​បាន​ភ្ញាក់​ខ្លួន ហើយ​ទោះ​បី​គេ​ហិន‌ហោច​យ៉ាង​នេះ​ក្ដី ក៏​គេ​ពុំ​អើពើ​ដែរ។

ចែក​រំលែក
អាន អេសាយ 42

អេសាយ 42:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មើល នេះ​នែ​អ្នក​បំរើ​របស់​អញ ដែល​អញ​ទប់‌ទល់ គឺ​ជា​អ្នក​ជ្រើស‌រើស​របស់​អញ ដែល​ជា​ទី​រីក‌រាយ​ដល់​ចិត្ត​អញ អញ​បាន​ដាក់​វិញ្ញាណ​អញ​ឲ្យ​សណ្ឋិត​លើ​ទ្រង់ ហើយ​ទ្រង់​នឹង​សំដែង​ចេញ ឲ្យ​គ្រប់​ទាំង​សាសន៍​បាន​ឃើញ​សេចក្ដី​យុត្តិ‌ធម៌ ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់​ទេ ក៏​មិន​លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ ទ្រង់​នឹង​សំដែង​ចេញ​នូវ​សេចក្ដី​យុត្តិ‌ធម៌ ដោយ​សេចក្ដី​ពិត ទ្រង់​នឹង​មិន​ដែល​អន់​ថយ ឬ​រសាយ​ចិត្ត​ដរាប​ដល់​បាន​តាំង​សេចក្ដី​យុត្តិ‌ធម៌​ឡើង​នៅ​ផែនដី ហើយ​កោះ​ទាំង​ប៉ុន្មាន​នឹង​សង្ឃឹម​ដល់​ក្រឹត្យ‌ក្រម​របស់​ទ្រង់។ ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ ហើយ​បាន​លាត​ផង គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី នឹង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក​មាន​វិញ្ញាណ​ផង ទ្រង់​មាន​បន្ទូល​ថា អញ​នេះ​គឺ​ជា​យេហូវ៉ា អញ​បាន​ហៅ​ឯង​មក​ដោយ​សេចក្ដី​សុចរិត អញ​នឹង​កាន់​ដៃ​ឯង ហើយ​ថែ​រក្សា​ឯង អញ​នឹង​តាំង​ឯង​ឡើង ទុក​ជា​សេចក្ដី​សញ្ញា​ដល់​បណ្តាជន ហើយ​ជា​ពន្លឺ​ភ្លឺ​ដល់​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ឡើង នឹង​នាំ​ពួក​ត្រូវ​ចាប់​ចង​ចេញ​ពី​គុក​ងងឹត ហើយ​ឲ្យ​ពួក​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ទី​ងងឹត បាន​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង អញ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​អញ អញ​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​អញ​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​អញ ដល់​រូប​ឆ្លាក់​ឡើយ មើល​ការ​ខាង​ដើម​ទាំង​ប៉ុន្មាន​បាន​កន្លង​ទៅ​ហើយ គឺ​ជា​ការ​ថ្មី​ដែល​អញ​ថ្លែង​ប្រាប់​នេះ អញ​ប្រាប់​ពី​ការ​ទាំង​នោះ ដល់​ឯង​រាល់​គ្នា មុន​ដែល​កើត​មក​ផង។ ឯង​រាល់​គ្នា​ដែល​ចុះ​ទៅ​ឯ​សមុទ្រ ហើយ​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ ព្រម​ទាំង​កោះ នឹង​ពួក​អ្នក​នៅ​កោះ​ទាំង​នោះ​ផង ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​សេចក្ដី​សរសើរ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ចុះ ឯ​ទី​រហោ‌ស្ថាន នឹង​ទី​អាស្រ័យ​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន ចូរ​បន្លឺ​ឡើង ព្រម​ទាំង​បណ្តា​ភូមិ​ដែល​ពួក​កេដារ​នៅ​ទាំង​អស់​ផង ត្រូវ​ឲ្យ​ពួក​អ្នក​នៅ​ក្រុង​សេឡា​ច្រៀង​ឡើង ត្រូវ​ឲ្យ​គេ​ស្រែក​ពី​កំពូល​ភ្នំ​ចុះ ត្រូវ​ឲ្យ​គេ​ថ្វាយ​កិត្តិសព្ទ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បញ្ចេញ​សេចក្ដី​សរសើរ​របស់​ទ្រង់​ដល់​អស់​ទាំង​កោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​ចេញ​ទៅ ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ទ្រង់​នឹង​បណ្តាល​សេចក្ដី​ឧស្សាហ៍​ឡើង ដូច​ជា​មនុស្ស​ថ្នឹក​ចំបាំង ទ្រង់​នឹង​ស្រែក​ឡើង អើ ទ្រង់​នឹង​ស្រែក​ជា​ខ្លាំង ហើយ​នឹង​បង្ក្រាប​ពួក​សត្រូវ​ដោយ​ឫទ្ធា‌នុភាព។ អញ​បាន​អត់​ទ្រាំ​ជា​យូរ​មក​ហើយ អញ​បាន​នៅ​ស្ងៀម ហើយ​បាន​ទប់​ចិត្ត ឥឡូវ​នេះ អញ​នឹង​ស្រែក​ឡើង​ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន អញ​នឹង​ដក​ដង្ហើម​គំហុក​ចូល រួច​ទំលាយ​ចេញ​តែ​ម្តង អញ​នឹង​បំផ្លាញ​ទាំង​ភ្នំ​ធំនឹង​ភ្នំ​តូច ហើយ​ឲ្យ​ស្មៅ​នៅ​លើ​នោះ​ស្វិត​ក្រៀម​ទៅ អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ទៅ​ជា​កោះ​វិញ ហើយ​ឲ្យ​អស់​ទាំង​ត្រពាំង​ទឹក​រីង​គោក​ទៅ អញ​នឹង​នាំ​ពួក​មនុស្ស​ខ្វាក់​តាម​ផ្លូវ​១​ដែល​គេ​មិន​ស្គាល់ អញ​នឹង​ដឹក​គេ​តាម​ផ្លូវ​ច្រក​ដែល​គេ​មិន​ធ្លាប់​ដើរ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ងងឹត​បាន​ភ្លឺ​ឡើង​នៅ​មុខ​គេ ហើយ​ផ្លូវ​ក្ងិច‌ក្ងក់​ឲ្យ​ទៅ​ជា​ត្រង់​វិញ គឺ​ការ​ទាំង​នេះ​ដែល​អញ​នឹង​ធ្វើ ហើយ​មិន​បោះ‌បង់​ចោល​គេ​ឡើយ ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​នឹង​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។ ឱ​មនុស្ស​ដំឡង់​អើយ ចូរ​ស្តាប់​ចុះ ហើយ​ពួក​កង្វាក់​អើយ ចូរ​មើល ដើម្បី​ឲ្យ​បាន​ឃើញ តើ​អ្នក​ណា​ជា​អ្នក​ខ្វាក់ បើ​មិន​មែន​ជា​អ្នក​បំរើ​របស់​អញ ឬ​ថ្លង់ ដូច​ជា​អ្នក​នាំ​ដំណឹង​ដែល​អញ​ចាត់​ប្រើ តើ​អ្នក​ណា​ខ្វាក់​ភ្នែក​ដូច​ជា​អ្នក​ដែល​មេត្រី​នឹង​អញ ហើយ​ខ្វាក់​ដូច​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ នឹង​លើក​ដំកើង​ក្រឹត្យ‌វិន័យ ហើយ​ឲ្យ​មាន​កិត្តិសព្ទ ដោយ​យល់​ដល់​សេចក្ដី​សុចរិត​របស់​ទ្រង់ ប៉ុន្តែសាសន៍​នេះ​ជា​សាសន៍ ដែល​ត្រូវ​គេ​រឹប‌ជាន់ ហើយ​ប្លន់​យក គេ​សុទ្ធ​តែ​ជាប់​អន្ទាក់​នៅ​ក្នុង​រូង ហើយ​ក៏​លាក់​ទុក​នៅ​ក្នុង​គុក គេ​សំរាប់​ជា​រំពា ឥត​មាន​អ្នក​ណា​ដោះ​ឲ្យ​រួច ហើយ​សំរាប់​ជា​របឹប ឥត​មាន​អ្នក​ណា​ថា ចូរ​ប្រគល់​ទៅ​ឲ្យ​គេ​វិញ​នោះ​ឡើយ។ តើ​មាន​អ្នក​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ដែល​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្ដី​ទាំង​នេះ ដែល​នឹង​ប្រុង​ស្តាប់ ហើយ​ឮ​សំរាប់​គ្រា​ទៅ​ខាង​មុខ​នោះ តើ​អ្នក​ណា​បាន​ប្រគល់​ពួក​យ៉ាកុប​ឲ្យ​ទៅ​ជា​របឹប ហើយ​ពួក​អ៊ីស្រាអែល​ដល់​ពួក​ចោរ​ដូច្នេះ តើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ទេ​ឬ ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ទ្រង់ ឥត​ព្រម​ដើរ​តាម​ផ្លូវ​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ទ្រង់​ចាក់​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ទៅ​លើ​គេ ហើយ​នឹង​អំណាច​នៃ​សង្គ្រាម​ផង នោះ​ក៏​បញ្ឆេះ​គេ​នៅ​ព័ទ្ធ​ជុំវិញ តែ​មិន​បាន​ដឹង​ទេ ភ្លើង​នោះ​បាន​បញ្ឆេះ​គេ តែ​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

ចែក​រំលែក
អាន អេសាយ 42