នេះនែអ្នកបម្រើរបស់យើង ដែលយើងទប់ទល់ គឺជាអ្នកជ្រើសរើសរបស់យើង ដែលជាទីរីករាយដល់ចិត្តយើង យើងបានដាក់វិញ្ញាណយើងឲ្យសណ្ឋិតលើព្រះអង្គ ហើយព្រះអង្គនឹងសម្ដែងចេញ ឲ្យគ្រប់ទាំងសាសន៍បានឃើញសេចក្ដីយុត្តិធម៌។ ព្រះអង្គនឹងមិនស្រែក ឬបន្លឺឡើង ឬឲ្យអ្នកណាឮសំឡេងនៅក្នុងផ្លូវឡើយ ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។ ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា យើងនេះគឺជាយេហូវ៉ា យើងបានហៅអ្នកមក ដោយសេចក្ដីសុចរិត យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក យើងប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ជាពន្លឺដល់អស់ទាំងសាសន៍ ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត បានចេញរួចពីទីឃុំឃាំង។ យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។ មើល៍ ការខាងដើមទាំងប៉ុន្មានបានកន្លងទៅ ហើយការថ្មីដែលយើងថ្លែងប្រាប់នេះ យើងប្រាប់ពីការទាំងនោះ ដល់អ្នករាល់គ្នា មុនដែលកើតមកផង។ អ្នករាល់គ្នាដែលចុះទៅឯសមុទ្រ ហើយទាំងអស់ដែលនៅក្នុងនោះ ព្រមទាំងកោះ និងពួកអ្នកនៅកោះទាំងនោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ា ហើយសរសើរតម្កើងព្រះអង្គពីចុងផែនដីចុះ។ ឯទីរហោស្ថាន និងទីអាស្រ័យនៅក្នុងនោះទាំងប៉ុន្មាន ចូរបន្លឺឡើង ព្រមទាំងបណ្ដាភូមិ ដែលពួកកេដារនៅទាំងអស់ផង ត្រូវឲ្យពួកអ្នកនៅក្រុងសេឡាច្រៀងឡើង ត្រូវឲ្យគេស្រែកពីកំពូលភ្នំចុះ។ ត្រូវឲ្យគេថ្វាយកិត្តិសព្ទដល់ព្រះយេហូវ៉ា ហើយបញ្ចេញសេចក្ដីសរសើររបស់ព្រះអង្គ ដល់អស់ទាំងកោះ។ ព្រះយេហូវ៉ានឹងយាងចេញទៅ ដូចជាមនុស្សខ្លាំងពូកែ ព្រះអង្គនឹងបណ្ដាលសេចក្ដីឧស្សាហ៍ឡើង ដូចជាមនុស្សថ្នឹកចម្បាំង ព្រះអង្គនឹងស្រែកឡើង ព្រះអង្គនឹងស្រែកជាខ្លាំង ហើយនឹងបង្ក្រាបពួកសត្រូវដោយឫទ្ធានុភាព។ យើងបានអត់ទ្រាំជាយូរមកហើយ យើងបាននៅស្ងៀម ហើយបានទប់ចិត្ត ឥឡូវនេះ យើងនឹងស្រែកឡើងដូចជាស្រី ដែលឈឺនឹងសម្រាលកូន យើងនឹងដកដង្ហើមគំហុកចូល រួចទម្លាយចេញតែម្តង។ យើងនឹងបំផ្លាញទាំងភ្នំធំ និងភ្នំតូច ហើយឲ្យស្មៅនៅលើនោះស្វិតក្រៀមទៅ យើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានក្លាយទៅជាកោះវិញ ហើយឲ្យអស់ទាំងត្រពាំងទឹករីងគោក។ យើងនឹងនាំពួកមនុស្សខ្វាក់តាមផ្លូវមួយដែលគេមិនស្គាល់ យើងនឹងដឹកគេតាមផ្លូវច្រកដែលគេមិនធ្លាប់ដើរ យើងនឹងធ្វើឲ្យសេចក្ដីងងឹតបានភ្លឺឡើងនៅមុខគេ ហើយផ្លូវក្ងិចក្ងក់ឲ្យទៅជាត្រង់វិញ គឺការទាំងនេះដែលយើងនឹងធ្វើ ហើយមិនបោះបង់ចោលគេឡើយ។ ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា "លោកជាព្រះរបស់យើងខ្ញុំ" នោះនឹងត្រូវបែរខ្នងចេញវិញ ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។ ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ។ តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបម្រើរបស់យើង ឬថ្លង់ដូចជាអ្នកនាំដំណឹងដែលយើងចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងយើង ហើយខ្វាក់ដូចជាអ្នកបម្រើរបស់ព្រះយេហូវ៉ា? អ្នកនោះឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។ ប៉ុន្តែ នេះជាសាសន៍ដែលត្រូវគេប្លន់ ហើយរឹបយកទ្រព្យសម្បត្តិ គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសម្រាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសម្រាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។ តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសម្រាប់គ្រាទៅខាងមុខនោះ? តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យគេរឹបអូស ហើយពួកអ៊ីស្រាអែលឲ្យដល់ពួកចោរដូច្នេះ? តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ឥតព្រមដើរតាមផ្លូវព្រះអង្គ ឬស្តាប់តាមក្រឹត្យវិន័យព្រះអង្គ? ហេតុនោះបានជាព្រះអង្គចាក់ភ្លើង នៃសេចក្ដីក្រោធរបស់ព្រះអង្គទៅលើគេ និងអំណាចនៃសង្គ្រាមផង ក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។
អាន អេសាយ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 42:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ